FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលក្រុងពោធិ៍សាត់ចេញ ជូនដំណឹងតម្រូវឲ្យរុះរើសំណង់ប៉ះពាល់ដីចំណីស្ទឹង និងផ្លូវសាធារណៈឲ្យបានត្រឹមថ្ងៃទី១៥ ខែតុលា

23-09-2026 15:46

(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដោយដាក់កាលកំណត់ឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់ផ្សេងៗ រួមមាន៖ ផ្ទះ តូប របង និងសំយ៉ាប ប៉ះពាល់លើដីចំណីស្ទឹង និងដីចំណីផ្លូវសាធារណៈ ធ្វើការរុះរើដោយខ្លួនឯងឱ្យបានត្រឹម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង ទីតាំងដែលត្រូវរៀបចំកែលម្អជាបន្ទាន់នេះ រួមមាន៖

*ត្រើយខាងកើតស្ទឹង៖ ស្ថិតនៅភូមិថ្នល់ជប៉ុន ភូមិសូរិយាក្រោម និងភូមិស្ទឹងតូច សង្កាត់រលាប (ចាប់ពីផ្លូវរថភ្លើងដល់ស្ពានថ្មព្រែកស្តី)។

*ត្រើយខាងលិចស្ទឹង៖ ស្ថិតនៅភូមិព្រែកស្តី សង្កាត់លលកស (ចាប់ពីស្ពានថ្មព្រែកស្តីដល់ផ្លូវកោង)។

ការរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនេះ ធ្វើឡើងដើម្បីធានាឱ្យស្របតាម អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងអាងទន្លេ និងដើម្បីលើកកម្ពស់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងទីក្រុង។

រដ្ឋបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ច្បាស់ថា ករណីផុតកំណត់ការជូនដំណឹងនេះ ប្រសិនបើមានប្រជាពលរដ្ឋណាមួយមិនព្រមរុះរើដោយស្ម័គ្រចិត្តទេ រដ្ឋបាលក្រុងនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយរាល់ការចំណាយ និងការខូចខាតផ្សេងៗ ត្រូវជាបន្ទុករបស់ម្ចាស់សំណង់ផ្ទាល់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានទីតាំងពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងចូលរួមសហការរុះរើដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕