FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដូវបិទនេសាទ! រដ្ឋបាលជលផលខេត្តតាកែវ ចុះបង្រ្កាបបទល្មើសនេសាទបាន ៣៥ករណី និងលែងកូនត្រីចូលបឹងជាង ៤០០គីឡូក្រាម

23-09-2026 14:58

(តាកែវ)៖ នៅក្នុងរដូវបិទនេសាទរយៈពេលជាង ២ខែកន្លងមកនេះ ដោយចាប់ផ្ដើមពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមមន្រ្តីរដ្ឋបាលជលផលតាកែវ ដឹកនាំដោយលោក ពឹង ទិត នាយខណ្ឌរដ្ឋបាលជលផលស្ដីទី បានចុះធ្វើការចុះត្រួតពិនិត្យតាមផ្ទៃបឹង និងបានបង្រ្កាបបទល្មើសនេសាទបានចំនួន ៣៥ករណី ព្រមទាំងបានធ្វើការរឹបអូសសម្ភារនេសាទខុសច្បាប់មួយចំនួន។

លោក ពឹង ទិត បានឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញាថា នៅក្នុងរដូវបិទនេសាទរយៈពេលជាង ២ខែកន្លងមកនេះ មន្រ្តីរដ្ឋបាលជលផលបានចុះត្រួតពិនិត្យនៅតាមផ្ទៃបឹងក្នុងស្រុកបូរីជលសា ស្រុកអង្គបូរី ស្រុកកោះអណ្ដែត ចំនួន ១៩៧លើក និងធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន ៣៥ករណី ដោយដកហូតវត្ថុតាងរួមមាន លូស្បៃមុង សៃយ៉ឺនសាច់អួន របាំងបង្គោលឬស្សី អាគុយ អាំងវែកទ័រ ដងឆក់ អួនភ្ជាប់ខ្សែភ្លើង និងសម្រាស់ ព្រមទាំងបានលែង កូនត្រីចូលផ្ទៃបឹងវិញបានជាង ៤០០គីឡូផងដែរ។ ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបានមន្រ្តីរដ្ឋបាលជលផលដុតបំផ្លាញចោលទាំងអស់។

នៅក្នុងរដូវបិទនេសាទនេះលោក ពឹង ទិត បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឆក់ សៃយ៉ឺនស្បៃមុង លបប្រើស១០០ និងកុំកាប់ទន្រ្ទានយកព្រៃលិចទឹក ជាជម្រកត្រីធ្វើកម្មសិទ្ធិ៕