អាជ្ញាធក្រុងដូនកែវ និងការិយាល័យបសុព្យាបាលរៀបចំ «ផ្សារបក្សីក្រុងដូនកែវ» ក្នុងផ្សារតាកែវ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្ដាស់សាយបក្សី
23-09-2026 14:57
(តាកែវ)៖ អាជ្ញាធក្រុងដូនកែវ និងការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ADB បានរៀបចំ «ផ្សារបក្សីក្រុងដូនកែវ» នៅក្នុងផ្សារតាកែវ ដើម្បីលើកកម្ពស់ សោភ័ណភាពផ្សារ ជាពិសេសធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺបក្សី។
លោក ឌឹម គឹមសាន្ត អភិបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ការកសាងផ្សារបក្សី នៅក្នុងផ្សារតាកែវនេះ គឺក្នុងគោលបំណងគ្រប់គ្រងការចរាចរណ៍សត្វ និងការសម្អាតអនាម័យកន្លែងលក់មាន់ទា ដែលកន្លងមកការលក់ មិនមានរបៀបរៀបរយ មិនមានអនាម័យល្អ ម្យ៉ាងទៀតការបង្កើតផ្សារបក្សីនេះឡើង វាបង្កលក្ខណៈងាយស្រួលដល់អាជីវករលក់មាន់ទា និងធ្វើឲ្យកន្លែងលក់មាន់ទានេះ មានអនាម័យបរិស្ថានល្អប្រសើរផងដែរ។
អភិបាលក្រុងដូនកែវ បានស្នើដល់អាជីវករលក់បក្សីទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធក្រុងតាមរយៈការគោរពតាមការណែនាំរបស់អាជ្ញាធរ និងចូលលក់នៅផ្សារបក្សីតាមការរៀបចំរបស់អាជ្ញាធក្រុង ជាពិសេសសូមបងប្អូនចូលរួមសម្អាតអនាម័យឲ្យបានល្អផងដែរ។
លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងឲ្យដឹងថា កន្លងមកដោយឃើញអាជីវករលក់បក្សីលក់តាមផ្លូវប៉ះពាល់ដល់អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការឆ្លងរីករាលដាលជំងឺផ្ដាសសាយបក្សី គម្រោងសុខភាពសត្វ និងខ្សែចង្វាក់តម្លៃសត្វដែលគាំទ្រដោយធនាគារ ADB បានជួយកសាងផ្សារនេះឡើងដើម្បីប្រមូលអាជីវករលក់បក្សីប្រមូលផ្ដុំ លក់មួយកន្លែងដោយងាយស្រួលគ្រប់គ្រងជាពិសេសការត្រួតពិនិត្យសុខភាពសត្វពីមន្រ្តីបសុព្យាបាលមិនឲ្យឆ្លងរីករាលដាលជំងឺផ្ដាសសាយបក្សី។
លោក ថៃ លី បានថ្លែងបន្តថា រាល់បក្សីដែលដាក់លក់នៅផ្សារបក្សីនេះត្រូវបានត្រួតពិនិត្យច្បាស់លាស់ ពោលសុទ្ធជាបក្សីដែលគ្មានជំងឺ និងធានាថាគ្មានការឆ្លងរីករាលដាលជំងឺផ្ដាសសាយបក្សីនៅផ្សារមួយនេះ៕














