សូមបង្កើតការប្រុងប្រយ័ត្ន! កុមារចូលសម្រាកព្យាបាលជំងឺគ្រុនឈាមនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប មានការកើនឡើងខ្ពស់
23-09-2026 14:55
(សៀមរាប)៖ លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា ក្នុងរដូវគ្រុនឈាមនៅឆ្នាំនេះ អ្នកជំងឺគ្រុនឈាមដែលជាកុមារមកស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យ មានការកើនឡើងគួរឱ្យកត់សម្គាល់ តែយ៉ាងណាក្រុមគ្រូពេទ្យបានបំពេញតួនាទី និងថែទាំកុមារយ៉ាងយកចិត្តទុកដាក់ខ្ពស់។
លោកសាស្រ្តាចារ្យ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានគូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញា អ្នកជំងឺដែលមកទទួលការថែទាំ និងស្នាក់នៅក្នុងមន្ទីរពេទ្យមានចំនួន ១៩៦៩នាក់ ក្នុងនោះផ្នែកកុមារមានចំនួន ១៦៥៨នាក់, ស្ត្រីមានផ្ទៃពោះចំនួន ៣១១នាក់ និងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលមានចំនួន ៣៥០នាក់។ ចំពោះករណីជំងឺគ្រុនឈាម គឺមានករណីធ្ងន់ធ្ងរ ៣១ករណី ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ខ្លះត្រូវការបញ្ចូលឈាមផងដែរ។
លោកសាស្រ្តាចារ្យបន្តថា នៅក្នុងឆ្នាំ២០២៦នេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ទទួកអ្នកជំងឺគ្រុនឈាមឲ្យសម្រាកព្យាបាល ចំនួន ១៤ ១០១នាក់ នៅក្នុងនោះមាន ១៣ ទៅ ១៥ ភាគរយ ដែលមានជំងឺគ្រុនឈាមកម្រិតធ្ងន់ គឺកម្រិត២ និងកម្រិត៣ ដែលតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យ ដើម្បីទទួលការថែទាំ និងព្យាបាល បានត្រឹមត្រូវ មិនដូច្នោះទេនឹងអាចប៉ះពាល់ដល់អាយុជីវិត។
យ៉ាងណាលោកប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បញ្ជាក់ថា នៅក្នុងសប្តាហ៍នេះជំងឺគ្រុនឈាមនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានការថយបន្តិច បើធៀបទៅនឹងសប្តាហ៍មុន។ លោកក៏រំពឹងថា នៅខែតុលាខាងមុខនេះ ជំងឺគ្រុនឈាមនឹងមានការថយច្រើន ព្រោះវដ្តរដូវដែលកើតឡើងគឺនៅអំឡុងខែ កក្កដា សីហា និងកញ្ញា ហើយចូលដល់ខែតុលា វានឹងថយចុះវិញ។
លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា បញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ ជំងឺគ្រុនឈាមកើនឡើងច្រើន ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យមូសខ្លាញីមេតាប៉ូលីកើនឡើង និងស្រេកខ្លានឈាម (ការឆ្លងលឿន)។ មូលទាំងនោះ វាអាចឆ្លងពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត ពីមូសខ្លាដែលហើរទៅចម្លងទៅអ្នកជំងឺផ្សេងទៀត ក្នុងចំងាយពីគ្នា១០០ម៉ែត្រ ទៅ២០០ម៉ែត្រ៕

















