FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់​ផ្លូវបេតុង​អាមេជិត ២គីឡូម៉ែត្រ នៅមូលដ្ឋាន​ឃុំសូយោង ដោយប្រើកញ្ចប់ថវិកា​មូលនិធិឃុំឆ្នាំ២០២៦

23-09-2026 13:34

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១ ៦៧០ម៉ែត្រ ស្ថិតនៅភូមិថ្លា ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលតែងតែបានផ្តល់ជូនជារៀងរាល់ឆ្នាំ ដើម្បីយកទៅអភិវឌ្ឍន៍ឱ្យបានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ។

នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់, លោកក៏បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំសូយោង ដែលបានវិវត្តន៍ពីផ្លូវគ្រួសក្រហមមកជាផ្លូវបេតុង និងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកន្លែងផ្សេងទៀត។

លោកអភិបាលស្រុក បានលើកឡើងដែរថា រាជរដ្ឋាភិបាលតែងតែគិតគូរជាអាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា៖ សាលារៀន និងផ្លូវថ្នល់ជាដើម។ កញ្ចប់ថវិកាអភិវឌ្ឍន៍ទាំងនេះ គឺបានមកពីការប្រមូលពន្ធដារស្របច្បាប់ពីបណ្តាវិនិយោគិន និងក្រុមហ៊ុនធំៗ ដែលបានមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។

លោកអភិបាលស្រុកតាំងគោក ហាក់ ម៉ុងហួត បានគូសបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៦ ដែលជាថវិការបស់រាជរដ្ឋាភិបាលបានផ្តល់ជូនជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ។

ទន្ទឹមនឹងនេះដោយសារបច្ចុប្បន្នជាគ្រាដែលមានការកើនឡើងនៃករណីឆ្លង លោកអភិបាលស្រុក ក៏បានធ្វើការណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងតែមានការរីករាលដាល ដោយត្រូវចូលរួមសម្អាតបរិស្ថានជុំវិញខ្នងផ្ទះ បំបាត់ជម្រកមូសខ្លា និងថែរក្សាសុខភាពក្រុមគ្រួសារឱ្យបានល្អប្រសើរ។

លោកអភិបាលស្រុក បានធ្វើការអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការថែរក្សាផ្លូវបេតុងអាមេមួយខ្សែនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង និងបានក្រើនរំលឹកដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយស្តង់ដារ គុណភាព និងបញ្ចប់ឱ្យទាន់ពេលវេលាកំណត់៕