គណៈប្រតិភូ FASMEC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ដើម្បីបើកផ្លូវពាណិជ្ជកម្មសម្រាប់ SMEs កម្ពុជា
23-09-2026 13:27
(យ៉ាងហ្គូន, មីយ៉ាន់ម៉ា)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំគណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ក្នុងជំនួបសំណេះសំណាលប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តម ចេង ម៉ានិត បានជម្រាបជូន និងពន្យល់យ៉ាងលម្អិតអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ទូទៅ ក៏ដូចជាបរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យគណៈប្រតិភូ FASMEC ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាព និងឱកាសធុរកិច្ចនៅក្នុងទីផ្សារមីយ៉ាន់ម៉ា។
ជាមួយគ្នានេះ ឯកឧត្តមអគ្គរាជទូតបានសម្តែងនូវក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ FASMEC និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការសម្របសម្រួល និងជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាធុរជន និងពាណិជ្ជករកម្ពុជាទាំងអស់ ដែលមានបំណងស្វែងយល់ពីទីផ្សារ ពង្រីកអាជីវកម្ម វិនិយោគ ឬនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារមីយ៉ាន់ម៉ា។
ជំនួបនេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរយោបល់ និងស្វែងរកយន្តការសមស្រប ដើម្បីជួយសម្រួលដល់ការតភ្ជាប់ពាណិជ្ជកម្ម និងការធ្វើអាជីវកម្មរបស់សហគ្រិនកម្ពុជា នៅក្នុងទីផ្សារមីយ៉ាន់ម៉ា។
ជំនួបនេះត្រូវបានចាត់ទុកថាជាជំហានមួយក្នុងការបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជករកម្ពុជា ក្នុងការពង្រីកទីផ្សារ និងនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសក្នុងតំបន់អាស៊ាន ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕










