អាកាសយានដ្ឋានអន្ដរជាតិតេជោ បើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ រយៈពេល៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា
23-09-2026 12:50
(កណ្ដាល)៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើក «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីទេសចរណ៍» រយៈពេល៥ថ្ងៃ ពោលចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុមហ៊ុនធំៗ ក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ចំនួន២៦ក្រុមហ៊ុន ស្មើនឹង៣០ស្តង់។
ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ បានថ្លែងថា អាកាសយានដ្ឋានមិនមែនជាកន្លែង សម្រាប់តែការធ្វើដំណើរចូល និងចេញពីប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចដំបូង នៃបទពិសោធន៍របស់ភ្ញៀវទេសចរ និងជាផ្នែកមួយនៃខ្សែសង្វាក់របស់វិស័យទេសចរណ៍កម្ពុជា។
បន្ថែមពីនោះទៀត ឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីទេសចរណ៍» គឺជាការបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃពាក្យ «រួមគ្នា»។
ឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា វិស័យទេសចរណ៍ មិនអាចរីកចម្រើនដោយស្ថាប័ន ឬអាជីវកម្មណាមួយតែឯងបានឡើយ គឺត្រូវការកិច្ចសហការរួមគ្នា រវាងរដ្ឋាភិបាល អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ អ្នកវិនិយោគ សហគមន៍មូលដ្ឋាន និងគ្រប់ដៃគូពាក់ព័ន្ធ។
ឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងទៀតថា នៅពេលដែលយើងធ្វើការរួមគ្នា ភ្ញៀវទេសចរមិនត្រឹមតែធ្វើដំណើរមកកាន់កម្ពុជា ប៉ុន្តែពួកគេនឹងទទួលបាន បទពិសោធន៍កាន់តែប្រសើរ និងមានអនុស្សាវរីយ៍ ដែលនឹងនាំពួកគេត្រឡប់មកកម្ពុជា ម្តងហើយ ម្តងទៀត។ ទាំងនេះ គឺជាស្មារតីដែលយើងចង់បង្ហាញ តាមរយៈពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦។
បើតាមឧកញ៉ា ឆារស៍ វ៉ាន់, តាមរយៈព្រឹត្តិការណ៍នេះ យើងមានឱកាសបង្ហាញពីភាពសម្បូរបែបនៃកម្ពុជា រួមមាន វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ ម្ហូបអាហារ ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ រហូតដល់ផលិតផល និងសេវាកម្មទេសចរណ៍ទំនើបៗ។
លោក ម៉េង ផល្លា អនុប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ មិនត្រឹមតែជាព្រឹត្តិការណ៍បង្ហាញផលិតផល ឬសេវាកម្ម ទេសចរណ៍ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ក្នុងការផ្លាស់ប្តូរគំនិត ច្នៃប្រឌិតបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្ម។
លើសពីនោះទៀត ក៏បង្ហាញពីភាពចម្រុះនៃសម្បត្តិវប្បធម៌ធម្មជាតិ និងការបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។ នេះការបញ្ជាក់បន្ថែម របស់លោក ម៉េង ផល្លា។
ក្នុងនាមសមាគមទេសចរណ៍កម្ពុជា លោកថា សមាគមតែងតែប្រកាន់ខ្ជាប់ នូវបេសកកម្មយ៉ាងសកម្ម ក្នុងការធ្វើជាស្ពានចងភ្ជាប់ទំនាក់ទំនង រវាងវិស័យសាធារណៈ និងវិស័យឯកជន។ លោកជឿជាក់យ៉ាងមុតមាំថា ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ យើងចាំបាច់ត្រូវតែ៖
១៖ ជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងច្នៃប្រឌិត ដូចជា ទេសចរណ៍បៃតង ទេសចរណីវប្បធម៌ និងទេសចរណ៍ MICE។
២៖ ពង្រឹងគុណភាពសេវាកម្ម និងស្តង់ដារសុវត្ថិភាព ដើម្បីបង្កើន ទំនុកចិត្តដល់ភ្ញៀវទេសចរ។
៣៖ បង្កើនការផ្សព្វផ្សាយរួមគ្នា លើឆាកអន្តរជាតិ ក្នុងរូបភាពការបង្កើតកម្មវិធីផ្សេងៗ ដោយទាញ យកអត្ថប្រយោជន៍អតិបរមា ពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាសដ៏ទំនើប ដែលយើងកំពុងមានស្រាប់៕









