FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បទពិសោធន៍កម្ពុជាប្រឆាំងការឆបោកតាមអនឡាញ កំពុងក្លាយជាក្របខណ្ឌយុទ្ធសាស្ត្រ និងមេរៀនសម្រាប់ដៃគូអន្តរជាតិ (Video inside)

23-09-2026 11:23

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានថ្លែងថា បទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់នូវមេរៀនសំខាន់ៗ ដែលកំពុងត្រូវបានយកមកកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់កម្ពុជា ព្រមទាំងអាចចែករំលែកជាការយល់ដឹងដ៏មានតម្លៃដល់ដៃគូអន្តរជាតិ។

ក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍សំខាន់ៗចំនួន៤ ដូចខាងក្រោម៖

*ទី១៖ សំខាន់បំផុត ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យលើកកម្ពស់ការគំរាមកំហែងនេះទៅជាអាទិភាពសន្តិសុខជាតិកម្រិតខ្ពស់បំផុត។ ការបង្កើតស្ថាប័នកណ្តាល ដូចជា គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានសារៈសំខាន់ក្នុងការធ្វើសមកាលកម្មការចែករំលែកព័ត៌មាន ព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ ការអនុវត្តច្បាប់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងសសរស្តម្ភរដ្ឋទាំងអស់។

*ទី២៖ ការអនុវត្តចុះបង្ក្រាបជាយុទ្ធសាស្ត្រ ត្រូវតែត្រូវបានពង្រឹងដោយច្បាប់ដែលកំណត់គោលដៅលើបណ្តាញឧក្រិដ្ឋកម្មទាំងមូល។ ច្បាប់សម័យទំនើបប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែកំណត់ការទទួលខុសត្រូវព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ មិនត្រឹមតែសម្រាប់ប្រតិបត្តិករជួរមុខប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មេខ្លោង អ្នកវិនិយោគ អ្នកជ្រើសរើសបុគ្គលិក ម្ចាស់អចលនទ្រព្យ និងអ្នកសម្របសម្រួលផងដែរ។

*ទី៣៖ អាជ្ញាធរត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងយុទ្ធសាស្ត្រផ្លាស់ប្តូររបស់ក្រុមឧក្រិដ្ឋជន។ នៅពេលដែលទីតាំងត្រូវបានរំខាន ក្រុមឧក្រិដ្ឋជនបំបែកខ្លួនទៅជាក្រុមតូចៗ ដែលលាក់ខ្លួននៅទីតាំងផ្សេងៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ក្នុងពេលដំណាលគ្នា យុទ្ធសាស្ត្រអនុវត្តច្បាប់ត្រូវតែបង្វែរទៅរកការត្រួតពិនិត្យអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង ការប្រមូលព័ត៌មានស៊ើបការណ៍ឌីជីថលជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យនៅនឹងកន្លែង។

*ទី៤៖ ស្ថាប័នអនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវក្រមសីលធម៌។ ប្រតិបត្តិការឆបោកឆ្លងដែនភាគច្រើនពឹងផ្អែកលើការជួញដូរមនុស្ស ការជ្រើសរើសបោកប្រាស់ និងការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។

យើងត្រូវតែធានាថា ជនរងគ្រោះដែលត្រូវបានជួញដូរ និងត្រូវបានបង្ខិតបង្ខំឱ្យប្រព្រឹត្តអំពើឆបោក ត្រូវបានកំណត់អត្តសញ្ញាណ ការពារ បែងចែកពីអ្នកប្រព្រឹត្តដោយស្ម័គ្រចិត្ត ផ្តល់ជំនួយមនុស្សធម៌ និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព។

ក្រុមឧក្រិដ្ឋជនត្រូវបានជំរុញដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបបំផុត។ ជាការឆ្លើយតប សាមគ្គីភាពអន្តរជាតិរបស់យើងត្រូវតែរឹងមាំជាងមុន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ទំនើប ប្រកបដោយប្រសិទ្ធភាព និងសហការគ្នាពិតប្រាកដ៕