ពោធិ៍សាត់ដាក់ចេញបេសកកម្មបៃតង! បើកយុទ្ធនាការ ទិវាសំអាតពិភពលោកលើកទី៩ នៅឃុំកំពង់លួង ស្រុកក្រគរ
23-09-2026 10:46
(ពោធិ៍សាត់)៖ ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការថែរក្សាភពផែនដីឱ្យមានភាពស្អាត និងប្រកបដោយចីរភាព រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលស្រុកក្រគរ បានបើកជាផ្លូវការនូវ «កម្មវិធីទិវាសំអាតពិភពលោកលើកទី៩ ឆ្នាំ២០២៦» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណអនុវិទ្យាល័យកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ក្រោមអធិបតីភាព របស់លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត។
យុទ្ធនាការដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការប្រមូលសំណល់ប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតី និងការទទួលខុសត្រូវរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងអនុវត្តតាមគោលការណ៍ ៤Rs ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់បឹងទន្លេសាបដ៏មានតម្លៃរបស់យើង។
លោក អ៊ុយ សុធាវី បានគូសបញ្ជាក់ថា ទិវាសំអាតពិភពលោកគឺជាចលនាសកលដ៏ធំ ដែលចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ មានអ្នកស្ម័គ្រចិត្តចូលរួមសរុបជាង ១៣៩លាននាក់ មកពី ១៩៨ប្រទេសជុំវិញពិភពលោក។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ មានអ្នកស្ម័គ្រចិត្តចូលរួមជាង ៥លាននាក់ ដោយឡែកក្នុងឆ្នាំ២០២៥ កន្លងទៅ មានអ្នកចូលរួមជាង ១,២លាននាក់ តាមរយៈសកម្មភាពសំអាតចំនួន ៣,៧៤៨កម្មវិធី នៅរាជធានី-ខេត្តទាំង២៥ និងប្រមូលសំណល់បានប្រមាណ ១១០,៩២៥គីឡូក្រាម។
សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការដៃគូដូចជា អង្គការ River Ocean Cleanup (ROC) និង UNDP Cambodia ក្រោមប្រធានបទផ្តោតលើការកាត់បន្ថយសំណល់ប្លាស្ទិក ការបែងចែកសំណល់នៅប្រភព និងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។
សកម្មភាពនេះក៏ស្របគ្នានឹងចក្ខុវិស័យ «ស្អាត បៃតង និងចីរភាព» របស់ក្រសួងបរិស្ថាន និងទស្សនវិស័យដ៏មុតស្រួចរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រោមបទបញ្ជា៖ «មានអភិបាលក្រុងស្រុក អត់សំរាម, មានសំរាម អត់អភិបាលក្រុងស្រុក»។
ឆ្លងកាត់ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ក៏ដូចជាវិស័យឯកជន ឱ្យបន្តចូលរួមសហការគ្នាយ៉ាងសកម្ម លុបបំបាត់ការបោះចោលសំណល់ពាសវាលពាសកាល និងបង្វែរទម្លាប់មកអនុវត្តគោលការណ៍ ៤Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) ឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ ដើម្បីធានាបាននូវបរិស្ថានស្អាត សុខភាពល្អ សម្រាប់កូនចៅជំនាន់ក្រោយ៕

























