អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
23-09-2026 10:16
(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ២៧៦នាក់ មកពី ៦៩ស្ថាប័ន (អន្តរជាតិ ៣៥ស្ថាប័ន មានចំនួន ៧១នាក់) ដែលមកពីអង្គភាពព័ត៌មានធំៗនៅក្នុងពិភពលោក ត្រូវបានអញ្ជើញឱ្យចូលរួមយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦។
តាមរយៈការរៀបចំសន្និសីទអន្តរជាតិត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាការសូហ្វីតែល ភូគាត្រា ភ្នំពេញ។
តាមរយៈការរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែកដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែនដែលជាវិបត្តិសកលលោក។
មុននឹងអញ្ជើញឱ្យចូលរួមយកព័ត៌មានសន្និសីទកម្រិតអន្តរជាតិមួយនេះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល បានដឹកនាំដោយក្រសួងព័ត៌មាន បានរៀបចំដំណើរទស្សនកិច្ចដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឱ្យចុះទៅផ្ដិតយកព័ត៌មាន នៅតាមមណ្ឌល Scam Compound ដែលសមត្ថកិច្ចកម្ពុជា បង្ក្រាបបាននៅខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តបង្ក្រាបទល្មើស Online Scams ឱ្យដល់ឫសគល់ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោក ក្នុងការបោសសំអាតបទល្មើសនេះ។
ព្រឹត្តិការណ៍អន្តរជាតិនេះ មានការអញ្ជើញចូលរួមពីបណ្តាលប្រទេសជាង២០ មកពីគ្រប់ទ្វីបលើពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងអង្គការស្ថាប័នអន្តរជាតិចំនួន៦។
ជាងនេះទៅទៀត ដំណើរការសន្និសីទអន្តរជាតិ ក៏មានអង្គការអន្តរជាតិធំៗចំនួន៣ គឺការិយាល័យអង្គការសហប្រជាតិទទួលបន្ទុកគ្រឿងញៀន, ឧក្រិដ្ឋកម្មឆ្លងដែន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ «អាំងទែប៉ូល (Interpol)» និងទី៣៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មរបស់ច្បាប់ មេគង្គ-ឡានឆាង ដើម្បីរួមគ្នាពិភាក្សា និងដាក់ចេញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scams នេះ គឺការបង្ហាញពីឆន្ទៈនយោបាយយ៉ាងមុតមាំ ការទទួលខុសត្រូវ និងភាពបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអំពាវនាវឱ្យមានសកម្មភាពរួមពីសហគមន៍អន្តរជាតិ ខណៈបញ្ហានេះ គឺជាឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាសកល ដែលគ្មានប្រទេសណាមួយអាចដោះស្រាយដោយឯកឯងបានឡើយ។
សន្និសីទអន្តរជាតិនេះមានគោលបំណងធំៗចំនួន៣ រួមមាន៖ ១) សិក្សាពីឫសគល់ និងការវិវត្តនៃបណ្តាញឆបោក រួមទាំងការប្រឈម និងបច្ចេកវិទ្យាថ្មីៗដូចជា AI Deepfake និង Cryptocurrencies, ២) បង្កើនការចែករំលែកព័ត៌មាន កិច្ចសហការអនុវត្តច្បាប់ និងការស៊ើបអង្កេតហិរញ្ញវត្ថុអន្តរជាតិ និងទី៣) ពង្រឹងក្របខណ្ឌច្បាប់ការពារជនរងគ្រោះ និងអនុវត្តអភិក្រម «រដ្ឋាភិបាលទាំងមូល» និង «សង្គមទាំងមូល»។
លើសពីការឆបោកខាងហិរញ្ញវត្ថុ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងទៅលើសន្តិសុខជាតិ ស្ថិរភាពសេដ្ឋកិច្ច ទំនុកចិត្តសាធារណៈ អភិបាលកិច្ចឌីជីថល និងសន្តិសុខមនុស្ស។ ភាពប្រសព្វគ្នារវាងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ក្រុមមានអង្គការចាត់តាំងការជួញដូរមនុស្ស និងបណ្តាញហិរញ្ញវត្ថុខុសច្បាប់ បានបង្កើតជាបញ្ហាប្រឈម សាកលពហុវិមាត្រមួយ ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងប្រកបដោយប្រសិទ្ធភាពបានឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា ការរៀបចំសន្និសីទអន្តរជាតិនេះ ក៏ជាឱកាសដែលកម្ពុជាបង្ហាញឱ្យពិភពលោក ឃើញថាកម្ពុជាចេញពីប្រទេសរងគ្រោះ ដែលប្រឈមនឹងបញ្ហា និងចាត់វិធានការ ព្រមទាំងជាគំរូមួយក្នុងការចែករំលែកបទពិសោធន៍ទៅបណ្តាប្រទេសផ្សេងៗថា ក្នុងរយៈពេលខ្លីកម្ពុជាឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ច្រើនករណី។
ចាប់តាំងពីអាណត្តិទី៦មក រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់អាណត្តិទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានរចនាសម្ព័ន្ធស្មុគស្មាញ ហើយមានមូលដ្ឋាននៅបណ្តាញប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យ ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង ក្នុងចំណោមនេះសមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការនៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
លើសពីនេះ សំណុំរឿងចំនួន៤៤៦ករណី ត្រូវបានបញ្ចូនទៅតុលាការពាក់ព័ន្ធជនត្រូវចោទ ៣,៩២៧នាក់ មាន ២៩សញ្ជាតិ ខណៈការស៊ើបអង្កេតបន្ថែម លើអ្នកជាប់ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។ ទន្ទឹមគ្នានេះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
ចំណែកឯក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿង ចំនួន ៤៤៦ករណី ស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧នាក់ រួមមានមេខ្លោង និងគូកនមកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន៤ ទាក់ទិនជនសង្ស័យ ១៥នាក់ រួមមានព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ បន្ថែមពីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។
មានជនបរទេសជាង ២២,០០០នាក់ មកពី ៣៨សញ្ជាតិ បានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។
ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តច្បាប់នឹងនៅតែម៉ឺងម៉ាត់ មានតម្លាភាព និងស្របនឹងនីតិវិធីត្រឹមត្រូវ ព្រមទាំងធានានូវការការពារផ្នែកច្បាប់សមស្របសម្រាប់ជនរងគ្រោះ និងភាគីផ្ដល់កិច្ចសហការ។ អាជ្ញាធរពាក់ព័ន្ធបន្តតាមដាន និងត្រួតពិនិត្យទីតាំងសង្ស័យ ដើម្បីបង្ការការប្រើប្រាស់ទីតាំងទាំងនោះសម្រាប់ការលេងល្បែងស៊ីសងតាមអ៉ីនធឺណិតខុសច្បាប់ ការភ្នាល់ និងប្រតិបត្តិការឆបោក។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាវិបត្តិសាកល និងបានជះផលប៉ះពាល់ដល់បុគ្គលរាប់លាននាក់ ក៏ដូចជាអាជីវកម្ម និងស្ថាប័នជាច្រើននៅគ្រប់តំបន់នៃពិភពលោក។ ការឆបោកតាមបែបប្រពៃណី បានវិវត្តប្រែក្លាយទៅជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការងារដោយបង្ខំការសម្អាតប្រាក់ លំហូរហិរញ្ញវត្ថុខុសច្បាប់ បទល្មើសហិរញ្ញវត្ថុដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើប្រាស់ដោយខុសគោលដៅនូវបច្ចេកវិទ្យាថ្មីៗ ដូចជា៖ បញ្ញាសិប្បនិម្មិត(AI) បច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (Deep fake) រូបិយប័ណ្ណគ្រីបតូ (Cryptocurrencies) និងថ្នាល ឌីជីថលនានា៕
















































