FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ បច្ចុប្បន្ន ជំងឺមិនឆ្លងជាមូលហេតុនៃការស្លាប់ប្រមាណ ៣ ភាគ ៤ នៃចំនួនមរណភាពសរុបនៅទូទាំងពិភពលោក

22-09-2026 21:43

(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចការគាំពារមាតានិងទារក សុវត្ថិភាព គឺជាការសង្គ្រោះជីវិតមនុស្សពីរនាក់ក្នុងពេលតែមួយ គឺម្តាយនិងទារក។ ម្ដាយគ្រប់រូបគឺជាបេះដូងនៃគ្រួសារ ហើយទារកគ្រប់រូបគឺជាអនាគតនៃប្រទេសជាតិ។ ការប្រឈមមុខនឹងជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមលើស្រ្តីមានផ្ទៃពោះ កំពុងទាមទារឱ្យប្រព័ន្ធសុខាភិបាលមានភាពរហ័សរហួន ច្បាស់លាស់ និងប្រកបដោយស្តង់ដារខ្ពស់។

មន្ដ្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់យ៉ាងច្បាស់ទៀតថា «បច្ចុប្បន្ន ជំងឺមិនឆ្លងជាមូលហេតុនៃការស្លាប់ប្រមាណ ៣ ភាគ ៤ នៃចំនួនមរណភាពសរុបនៅទូទាំងពិភពលោក ហើយជំងឺលើសសម្ពាធឈាមតែមួយមុខ បានប៉ះពាល់ដល់មនុស្សពេញវ័យកម្ពុជា ជាងមួយភាគបី ដោយចំនួនអ្នកទទួលការព្យាបាលមានការកើនឡើងជារៀងរាល់ឆ្នាំ។ ជំងឺទាំងនេះ មិនមែនកើតមានតែលើមនុស្សវ័យចំណាស់ទៀតនោះទេ ប៉ុន្តែបាននឹងកំពុងកើតមានឡើងលើស្រ្តីមានផ្ទៃពោះ។ សុវត្ថិភាពរបស់
មាតា និងទារក អាស្រ័យលើសមត្ថភាពរបស់គ្រូពេទ្យយើងក្នុងការកំណត់ហានិភ័យទាំងនេះឱ្យបានឆាប់រហ័ស និងគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត»។

លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ ​«ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» ក្រោមពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត» ដែលបានរៀបចំនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រីរដ្ឋលេខាធិការបានថ្លែងទៀតថា នេះជាប្រធានបទសំខាន់ដែលអង្គពិធីនឹងពិភាក្សានៅថ្ងៃនេះ ពាក់ព័ន្ធនឹងហានិភ័យអំឡុងពេលមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ។ ពាក្យស្លោក «សុវត្ថិភាពក្នុងការថែទាំ សម្រាប់ជីវិត» មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែវាជាសកម្មភាពជាក់ស្តែង និងជាបេសកកម្មរបស់យើងទាំងអស់គ្នា។ ដើម្បីសម្រេចបាននូវ «សុវត្ថិភាពក្នុងការថែទាំ សម្រាប់ជីវិត» លោកស្រីរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងការអនុវត្តសំខាន់ៗមួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក ក្រុមគ្រូពេទ្យទាំងអស់ប្រកាន់ខ្ជាប់ និងប្តេជ្ញាចិត្តរួមគ្នាផងដែរ។

នាឱកាសនោះលោកស្រីក៏បានគូសបញ្ជាក់ជាថ្មីទៀតថា «ការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់របស់យើងទាំងអស់គ្នា គឺជាសីលធម៌ដ៏សំខាន់ក្នុងការសង្គ្រោះជីវិតមនុស្ស។ «សុវត្ថិភាពក្នុងការថែទាំ សម្រាប់ជីវិត» គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលកម្ពុជាបាន និងកំពុងបន្តកសាង ដើម្បីមាតាគ្រប់រូប ទារកគ្រប់រូប និងអ្នកជំងឺគ្រប់រូប ដែលស្វែងរកសេវាពីយើង ហើយដៃរបស់បងប្អូន គឺជាដៃដែលបង្កើតស្នាមញញឹម និងរក្សាការពារជីវិត»។

ជាមួយគ្នានេះដែរលោកស្រីសាស្ដ្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក បានគូររម្លឹកផងដែរថា «នៅក្នុងការងារសុខាភិបាល គ្មានអ្វីដែលមានតម្លៃថ្លៃថ្លាជាង «ការសង្គ្រោះជីវិត» នោះឡើយ។ ស្របតាមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត» ថ្ងៃនេះយើងទាំងអស់គ្នាមិនត្រឹមតែមកជួបជុំគ្នាដើម្បីអបអរសាទរទិវានេះប៉ុណ្ណោះទ ប៉ុន្តែគឺដើម្បីបញ្ជាក់ឡើងវិញនូវ
បេសកកម្មដ៏ពិសិដ្ឋមួយ «ការការពាររាល់ជីវិតមាតា និងទារក ឱ្យចាកផុតពីគ្រោះថ្នាក់ដែលអាចជៀសវាងបាន»។

លោកស្រីបានថ្លែងបន្ដថា មាតាគ្រប់រូបដែលឈានជើងចូលមកកាន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក គឺកំពុងផ្ញើជោគវាសនានិងក្តីសង្ឃឹមនៃគ្រួសារទាំងមូលមកលើដៃរបស់ពេទ្យយើង។ សុវត្ថិភាពអ្នកជំងឺមិនមែនជាគោលដៅដាច់ដោយឡែកនោះទេ ប៉ុន្តែជាបេះដូង និងជាគ្រឹះនៃគុណភាពសេវាសុខាភិបាល។ ដើម្បីប្រែក្លាយស្មារតីនៃទិវានេះ ឱ្យទៅជាការអនុវត្តជាក់ស្តែងនៅកម្រិតប្រតិបត្តិការ ការថែទាំប្រកបដោយសុវត្ថិភាពទាមទារនូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់តាំងពីការពិនិត្យ
ផ្ទៃពោះរហូតដល់ការសម្រាល និងការថែទាំក្រោយសម្រាល។ ជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមលើស្រ្តីមានផ្ទៃពោះ គឺជាហានិភ័យដ៏ស្ងប់ស្ងាត់។ ហេតុនេះមជ្ឈមណ្ឌលជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីទាំងអស់ ត្រូវតែពង្រឹងការប្រែក្លាយការស្រាវជ្រាវហានិភ័យ ទៅជាទម្លាប់ការងារប្រចាំថ្ងៃតាមរយៈ «ប្រព័ន្ធសញ្ញាកូដពណ៌» (Color-Coding System) ក្នុងការពិនិត្យសម្ពាធឈាម និងកម្រិតស្ករក្នុងឈាមចំពោះស្ត្រីមានផ្ទៃពោះគ្រប់រូប និងគ្រប់ការជួប ដើម្បីកំណត់ហានិភ័យ និងចាត់វិធានការសង្គ្រោះបានទាន់ពេលវេលា។

សូមជម្រាបថាក្នុងឱកាសប្រារព្ធទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ នៅតាមមន្ទីរពេទ្យបានពន្លឺពណ៌ទឹកក្រូចដែលបំភ្លឺឡើងនាពេលនេះ គឺជាសញ្ញានៃក្តីសង្ឃឹម និងជាការសន្យារួមគ្នារបស់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់ និងបម្រើសេវាសុខាភិបាលមួយ ដែលប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុត៕