FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនក្រុមរហស្សនាម «PT» ចំនួន ៥នាក់ ពាក់ព័ន្ធករណីដេញកាប់ជនរងគ្រោះ និងបំផ្លាញម៉ូតូ

22-09-2026 21:28

(ស្វាយរៀង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ក្រាប និងឃាត់ខ្លួនក្រុមរហស្សនាម «PT» ចំនួន ៥នាក់ ដែលតែងតែធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ និងបំផ្លាញទ្រព្យសម្បត្តិ នៅស្រុកកំពង់រោទិ៍។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០៥នាទីព្រឹក សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ អំពីករណីហិង្សាមួយដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៤០នាទី។ ក្នុងហេតុការណ៍នោះ ក្រុមជនល្មើសមានគ្នាប្រហែល ៥ ទៅ ៦នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពដេញវាយ និងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ។

ក្រោយពីទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងការដឹកនាំបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេត។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ៥នាក់ ដែលជាសមាជិកក្រុមរហស្សនាម «PT»។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន កាំបិតដែលប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងម៉ូតូដែលជនល្មើសប្រើប្រាស់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕