FASMEC និង UMFCCI រៀបចំជំនួបពិភាក្សាការងារ និងជំនួបពាណិជ្ជកម្ម B2B ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនកម្ពុជា និងមីយ៉ាន់ម៉ា
22-09-2026 21:17
(យ៉ាំងហ្គូន)៖ នាថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០រសៀល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូធុរកិច្ចចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងជំនួបពាណិជ្ជកម្ម (B2B Session) ជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (UMFCCI) នៅសាលប្រជុំជាន់ទី៣ នៃអគារ UMFCCI Tower ទីក្រុងយ៉ាំងហ្គូន។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត Win Si Thu អនុប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មមីយ៉ាន់ម៉ា (UMFCCI), ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងសមត្ថភាពពេញលេញ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ព្រមទាំងតំណាងពាណិជ្ជករ និងសហគ្រិននៃប្រទេសទាំងពីរជាច្រើនរូប។
ក្នុងឱកាសនោះ លោកបណ្ឌិត Win Si Thu អនុប្រធាន UMFCCI បានថ្លែងអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូកម្ពុជា ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងវិស័យឯកជននៃប្រទេសទាំងពីរ ព្រមទាំងកាលានុវត្តភាពក្នុងការជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានការរីកចម្រើន។
ជាកិច្ចបន្ត ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថាក្នុងពិធីបើក ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងបានលើកទឹកចិត្តឱ្យពាណិជ្ជករនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែជិតស្និទ្ធ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមីយ៉ាន់ម៉ា ដែលបានទទួលស្វាគមន៍ប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ និងបានណែនាំអំពីបេសកកម្មរបស់ FASMEC ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា លើឆាកអន្តរជាតិ។
ឧកញ៉ា តែ តាំងប៉ បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងក្លាយជាស្ពានចងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រិនកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែរឹងមាំ និងបង្កើតឱកាសសហការថ្មីៗសម្រាប់វិស័យ SMEs នៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចសន្ទនាទូទៅ និងការណែនាំខ្លួនរវាងភាគីទាំងពីរ កិច្ចប្រជុំបានឈានចូលដល់កម្មវិធី ជំនួបពាណិជ្ជកម្ម និងការផ្គូផ្គងដៃគូធុរកិច្ច (B2B Session) ដែលបានអនុញ្ញាតឱ្យសហគ្រិន និងពាណិជ្ជករនៃប្រទេសទាំងពីរ ជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន បង្កើតបណ្តាញទំនាក់ទំនង ព្រមទាំងស្វែងរកឱកាសសហការផ្នែកពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់លើវិស័យសក្តានុពលផ្សេងៗ។
កិច្ចប្រជុំ និងជំនួប B2B នេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងស្វែងរកឱកាសសហការគ្នា ដែលជាជំហានមួយក្នុងការពង្រឹងទំនាក់ទំនងវិស័យឯកជន ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមនៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា៕










