លោក ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដើម្បីចូលរួមក្នុងការអនុវត្តលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យមានប្រសិទ្ធភាព និងគុណភាព
22-09-2026 20:48
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានបច្ចេកទេសពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ» នៅទីស្ដីការក្រសួង។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)ផងដែរ។
លោក គង់ ភឿន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានធ្វើបទបង្ហាញស្ដីពី បទដ្ឋានបច្ចេកទេសផ្លូវថ្នល់ និងសំណង់សិល្បការ្យ ដែលត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដែលបែកចែកជា ១០ផ្នែក មានសៀវភៅសរុបចំនួន ៤២ឯកសារ ព្រមទាំងមានដាក់លេខកូដផ្សេងៗគ្នាទៅតាមប្រភេទនៃឯកសារ ជូនដល់អង្គប្រជុំផងដែរ។
ឆ្លៀតក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរលោក ឆាយ ឫទ្ធិសែន បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច ជូនដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើង និងមានគុណភាព ដែលរួមមាន៖
ទី១៖ ត្រូវយកបទដ្ឋានបច្ចេកទេសនេះ ក៏ដូចជាសៀវភៅណែនាំលម្អិតពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលក្រសួងប្រកាសដាក់ឱ្យប្រើប្រាស់នាពេលកន្លងមកទៅអនុវត្តឱ្យបានត្រឹមត្រូវ និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣។
ទី២៖ ត្រូវបន្តយកចិត្តទុដាក់ និងជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតីវិធីនានា និងគោលការណ៍ដើម្បីធានានូវ(១)គុណប្រយោជន៍ (២)គុណភាព (៣)សុវត្ថិភាព និង(៤)សន្សំសំចៃ។
ទី៣៖ ត្រូវបន្តពង្រឹងយន្តការនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យកាន់តែប្រសើរឡើង ជាពិសេសការរៀបចំវិធីសាស្ដ្រនៃការអនុវត្តស្ថាបនា ការគ្រប់គ្រង យន្ដការនៃការចុះត្រួតពិនិត្យដើម្បីពង្រឹងគុណភាពផ្លូវនិងសំណង់សិល្បការ្យ និងពង្រឹងគុណភាពសំណង់ផ្លូវ និងសំណង់សិល្បការ្យ និងពង្រឹងការគោរពកាលវិភាគការងារនិងផែនការ ដើម្បីជៀសវាងនូវផលប៉ះពាល់នានាដែលអាចកើតឡើង និងបង្កជាផលរំខានដល់ប្រជាពលរដ្ឋ។
ទី៤៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឱ្យការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានទៅតាមគោលដៅដែលបានកំណត់ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
និងទី៥៖ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយគ្រប់មន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើផ្នែកបច្ចេកទេសនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្រោមរូបភាព សហថាមពល៕




















