Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន? (Video inside)
22-09-2026 17:25
(ភ្នំពេញ)៖ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក ជម្លោះរវាងប្រធានាធិបតី Donald Trump និងសារព័ត៌មាន កំពុងកើនកម្តៅគួរឱ្យចាប់អារម្មណ៍។ លោក Trump បានហាម CNN, MS NOW និង Politico មិនឱ្យចូលសេតវិមាន។
ជម្លោះនេះបានពង្រីកកាន់តែធំ នៅពេលបណ្តាញទូរទស្សន៍ ABC, CBS, NBC និង Fox News មិនព្រមចូលជំនួស CNN ក្នុងការបំពេញការងារ TV pool ខណៈស្ថាប័នព័ត៌មានទាំងបី បាននាំរដ្ឋបាល Trump ទៅតុលាការ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ នៅពេលជម្លោះកំពុងកើនកម្តៅ សេតវិមានបានបើកបណ្តាញផ្សាយ Trump TV របស់ខ្លួន។
តើជម្លោះនេះកំពុងនាំទំនាក់ទំនងរវាងសេតវិមាន និងសារព័ត៌មានអាមេរិកទៅណា នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅពេលប្រធានាធិបតី មិនពេញចិត្តនឹងរបៀបដែលសារព័ត៌មានរាយការណ៍អំពីខ្លួន លោកអាចរិះគន់ ឆ្លើយតបដោយភស្តុតាង ឬនិយាយទៅកាន់សាធារណជនដោយផ្ទាល់។ ប៉ុន្តែជម្លោះថ្មីរវាងប្រធានាធិបតី Donald Trump និងសារព័ត៌មានអាមេរិក បានឈានហួសពីការរិះគន់គ្នាតាមពាក្យសម្តី។
លោក Trump បានហាម CNN, MS NOW និង Politico មិនឱ្យចូលសេតវិមាន។ បន្ទាប់មក បណ្តាញទូរទស្សន៍ធំៗផ្សេងទៀត រួមមាន ABC, CBS, NBC និង Fox News មិនព្រមចូលជំនួស CNN ក្នុងវេនរបស់ខ្លួនសម្រាប់ការផ្តល់ការផ្សាយ TV pool coverage អំពីសកម្មភាពរបស់ប្រធានាធិបតី។ ជាមួយគ្នានោះដែរ CNN, MS NOW និង Politico ក៏បានប្តឹងរដ្ឋបាល Trump ទៅតុលាការ ដោយជំទាស់នឹងការហាមនេះ។
នៅថ្ងៃទី២១ ខែកញ្ញា ខណៈជម្លោះជាមួយសារព័ត៌មាន និងការផ្អាកផ្តល់ការផ្សាយ TV pool coverage កំពុងកើនកម្តៅនោះ សេតវិមាន បានបើកបណ្តាញផ្សាយវីដេអូ ២៤ម៉ោងរបស់ខ្លួន ដែលមានឈ្មោះថា “TRUMP TV: The Essentials Station.”
ព្រឹត្តិការណ៍ទាំងនេះកើតឡើងក្នុងពេលដ៏រសើបមួយ ខណៈសហរដ្ឋអាមេរិកកាន់តែខិតជិតការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលការគ្រប់គ្រងសភា កំពុងក្លាយជាសមរភូមិនយោបាយដ៏សំខាន់សម្រាប់គណបក្សទាំងពីរ។
ចំណុចផ្ទុះថ្មីនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលលោក Trump ប្រកាសហាម CNN, MS NOW និង Politico ដោយចោទថា ស្ថាប័នទាំងនេះផ្សាយ “fake news” និងមិនយុត្តិធម៌ចំពោះលោក។
មួយថ្ងៃក្រោយមក គឺថ្ងៃទី១៩ ខែកញ្ញា អ្នកសារព័ត៌មានពីស្ថាប័នទាំងបី ត្រូវបានបដិសេធមិនឱ្យចូលសេតវិមាន។ បន្ទាប់មក ជម្លោះបានរីកធំឡើងពីការខ្វែងគំនិតអំពីការផ្សាយព័ត៌មាន ទៅជាបញ្ហាអំពី សិទ្ធិចូលដល់ប្រធានាធិបតី សេរីភាពសារព័ត៌មាន និងការគ្រប់គ្រង TV pool។
នៅថ្ងៃទី២១ ខែកញ្ញា CNN, MS NOW និង Politico បានប្តឹងរដ្ឋបាល Trump ទៅតុលាការ ដោយអះអាងថា ការហាមនេះរំលោភលើវិសោធនកម្ម First Amendment និងសិទ្ធិទទួលបាន នីតិវិធីត្រឹមត្រូវតាមច្បាប់ due process។ នៅថ្ងៃដដែលនោះ ជម្លោះក៏បានឈានដល់ចំណុចថ្មីមួយទៀត នៅពេលបណ្តាញទូរទស្សន៍ធំៗមិនព្រមចូលជំនួស CNN ក្នុង TV pool ខណៈសេតវិមានបើក Trump TV របស់ខ្លួន។
ដូច្នេះ រឿងនេះបានរុញជម្លោះរវាងលោក Trump និងស្ថាប័នព័ត៌មាន CNN, MS NOW និង Politico កាន់តែធំជាងនេះទៀត និងបង្កើតនូវសំណួរមួយអំពីអ្នកណាគួរមានអំណាចកំណត់ថា អ្នកសារព័ត៌មានណាអាចចូលដល់ប្រធានាធិបតី អ្នកណាអាចសួរសំណួរ និងអ្នកណាគ្រប់គ្រងរូបភាពដែលសាធារណជនបានឃើញ—ជាពិសេសនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិជិតមកដល់ខាងមុខនេះ។
*ពីការរិះគន់សារព័ត៌មាន ទៅការកំណត់សិទ្ធិចូលដល់ប្រធានាធិបតី
លោក Donald Trump មានប្រវត្តិរិះគន់ស្ថាប័នព័ត៌មាន ដែលលោកចាត់ទុកថា រាយការណ៍មិនត្រឹមត្រូវ ឬមិនយុត្តិធម៌ចំពោះរូបលោក។ ប៉ុន្តែជម្លោះលើកនេះបានឈានមួយជំហានទៀត គឺពីការរិះគន់ខ្លឹមសារព័ត៌មាន ទៅដល់សំណួរថា៖ តើស្ថាប័នព័ត៌មានណាខ្លះ ដែលអាចចូលដល់ប្រធានាធិបតី ដើម្បីយកព័ត៌មាន និងសួរសំណួរនោះ?
ក្រុម Press Pool របស់សេតវិមាន គឺជាក្រុមអ្នកសារព័ត៌មានតូចមួយ ដែលត្រូវបានរៀបចំឱ្យតាមដានប្រធានាធិបតីនៅទីកន្លែង ឬព្រឹត្តិការណ៍ដែលមិនអាចទទួលអ្នកសារព័ត៌មានទាំងអស់បាន។ អ្នកសារព័ត៌មានក្នុង pool ប្រមូលព័ត៌មាន ថតរូប ឬវីដេអូ និងសួរសំណួរ ហើយចែករំលែកព័ត៌មានទាំងនោះ ទៅកាន់ស្ថាប័នព័ត៌មានផ្សេងៗទៀត។
AP បានរាយការណ៍ថា ក្នុងអាណត្តិទីពីររបស់លោក Trump សេតវិមាន បានបង្កើនតួនាទីរបស់ខ្លួនក្នុងការកំណត់សមាសភាពអ្នកសារព័ត៌មានដែលអាចចូលរួមក្នុងក្រុម press pool នេះ។
ដូច្នេះ ជម្លោះនេះ មិនមែនគ្រាន់តែជាសំណួរថា Trump ចូលចិត្ត ឬមិនចូលចិត្ត CNN តែប៉ុណ្ណោះទៀតទេ។ វាបានឈានទៅដល់សំណួរធំជាងនេះថា៖ តើអ្នកណាគួរមានតួនាទីកំណត់ថា អ្នកសារព័ត៌មានណាអាចតាមដាន សួរសំណួរ និងរាយការណ៍ដោយផ្ទាល់អំពីប្រធានាធិបតី—សេតវិមាន ឬស្ថាប័នសារព័ត៌មាន?
ចំណុចនេះហើយដែលធ្វើឱ្យជម្លោះ ត្រាំនិងសារព័ត៌មាន លើកនេះ លែងជាការខ្វែងគំនិតគ្នាអំពីខ្លឹមសារព័ត៌មាន ហើយឈានទៅជាជម្លោះធំជាងនេះអំពី សិទ្ធិចូលដល់ប្រធានាធិបតី និងឯករាជ្យភាពរបស់សារព័ត៌មាន។
*ប្រតិកម្មរបស់បណ្តាញទូរទស្សន៍៖ មិនចូលជំនួស CNN
ថ្ងៃទី២១ ខែកញ្ញា គឺជាវេនរបស់ CNN ក្នុងការបំពេញការងារ TV pool នៅសេតវិមាន។ ប៉ុន្តែដោយសារ CNN ត្រូវបានហាមមិនឱ្យចូលសេតវិមាន បណ្តាញនេះ មិនអាចបំពេញវេនរបស់ខ្លួនបានឡើយ។
បន្ទាប់មក ABC, CBS, NBC និង Fox News មិនព្រមចូលជំនួស CNN ឡើយ ដែលនាំឱ្យការផ្តល់ការផ្សាយ TV pool coverage ត្រូវផ្អាក។ ទោះជាយ៉ាងណា ការផ្អាកនេះ មិនមានន័យថា បណ្តាញទូរទស្សន៍ទាំងនេះ ឈប់រាយការណ៍ព័ត៌មានអំពីលោក Trump ទាំងស្រុងនោះទេ។ វាជាការមិនចូលជំនួស CNN ក្នុងប្រព័ន្ធ TV pool តែប៉ុណ្ណោះ។
នៅថ្ងៃដដែល CNN, MS NOW និង Politico បានប្តឹងរដ្ឋបាល Trump ទៅតុលាការ ដោយអះអាងថា រដ្ឋាភិបាល មិនអាចដកសិទ្ធិចូលយកព័ត៌មាននៅសេតវិមាន ដើម្បីដាក់ទណ្ឌកម្មស្ថាប័នព័ត៌មាន ដោយសារខ្លឹមសារនៃការរាយការណ៍ដែលរដ្ឋាភិបាលមិនពេញចិត្តបានទេ។
រដ្ឋបាល Trump វិញអះអាងថា វិសោធនកម្មទី១ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក មិនធានាឱ្យស្ថាប័នព័ត៌មានណាមួយមានសិទ្ធិស្វ័យប្រវត្តិក្នុងការចូលសេតវិមាន ឬទទួលបានកន្លែងនៅក្នុង press pool នោះទេ។
ដូច្នេះ ជម្លោះនេះបានឈានពីការខ្វែងគំនិតគ្នាអំពីការផ្សាយព័ត៌មាន ទៅជាវិវាទផ្លូវច្បាប់អំពី សេរីភាពសារព័ត៌មាន សិទ្ធិចូលយកព័ត៌មាន និងអំណាចរបស់សេតវិមានក្នុងការកំណត់ press access។ តុលាការនឹងត្រូវពិនិត្យអំណះអំណាងរបស់ភាគីទាំងពីរ។
*ពេល TV Pool ផ្អាក៖ Trump TV ចូលមកដល់
នៅថ្ងៃទី២១ ខែកញ្ញាដដែល សេតវិមានបានបើក “TRUMP TV: The Essentials Station” ជាប្រព័ន្ធផ្សាយ២៤ម៉ោង សម្រាប់បង្ហាញសុន្ទរកថា វីដេអូ និងរំលេចសកម្មភាព របស់រដ្ឋបាល ដូណាល់ ត្រាំ។
អ្វីនេះបង្កើតភាពផ្ទុយគ្នា គួរឱ្យចាប់អារម្មណ៍៖ នៅពេលសកម្មភាព TV pool របស់ក្រុមសារព័ត៌មានឯករាជ្យ ផ្អាកការផ្តល់កាមេរ៉ារួម សេតវិមាន បានបើកបណ្តាញផ្សាយរបស់ខ្លួន។
Trump TV អនុញ្ញាតឱ្យសេតវិមាន ជ្រើសរើសវីដេអូ សុន្ទរកថា និងព្រឹត្តិការណ៍ដែលខ្លួនចង់បង្ហាញ សម្រាប់ការផ្សាយនោះ។
ដូច្នេះកម្មវិធី Trump TV បើកថ្មី អាចជាប្រភពព័ត៌មានពីរដ្ឋាភិបាល ប៉ុន្តែមិនមានមុខងារដូច ក្រុមសារព័ត៌មានឯករាជ្យ CNN, ABC, CBS, NBC និង Fox News ទេ។ មួយគឺជាការទំនាក់ទំនងរបស់រដ្ឋាភិបាលទៅកាន់សាធារណជន ខណៈមួយទៀតមានតួនាទីតាមដាន សួរសំណួរ និងផ្ទៀងផ្ទាត់អ្នកកាន់អំណាច។
*ហេតុអ្វីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ធ្វើឱ្យរឿងនេះកាន់តែសំខាន់?
ជម្លោះនេះកើតឡើងក្នុងពេលដ៏រសើបខាងនយោបាយ ខណៈសហរដ្ឋអាមេរិកកាន់តែខិតជិតការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ការស្ទង់មតិ Reuters/Ipsos ដែលចេញនៅថ្ងៃទី២១ ខែកញ្ញា បានរកឃើញថា អត្រាគាំទ្រការបំពេញការងាររបស់លោក Trump ធ្លាក់មកនៅត្រឹម ៣២% ក្នុងចំណោមមនុស្សពេញវ័យអាមេរិក ដែលត្រូវបានស្ទង់មតិ។ ចំណែកក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ៤៣% បានជ្រើសរើសបេក្ខជន Democratic និង ៣៥% ជ្រើសរើស Republican នៅពេលត្រូវបានសួរថា ពួកគេនឹងបោះឆ្នោតឱ្យគណបក្សណា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ?
ពិតណាស់ ការស្ទង់មតិមួយ មិនអាចទស្សន៍ទាយលទ្ធផលបោះឆ្នោតបានទេ។ ប៉ុន្តែតួលេខនេះបង្ហាញពីបរិយាកាសនយោបាយនៅពេលស្ទង់មតិ ខណៈការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា នឹងកំណត់ថា គណបក្សណាគ្រប់គ្រងសភាសម្រាប់រយៈពេលពីរឆ្នាំបន្ទាប់។
ក្នុងបរិបទនេះ សមត្ថភាពបញ្ជូនសារដោយផ្ទាល់ទៅកាន់សាធារណជន កាន់តែមានសារៈសំខាន់ខាងនយោបាយ។
លោក Trump បានប្រើបណ្តាញសង្គម ការជួបជុំអ្នកគាំទ្រ និងសុន្ទរកថា ដើម្បីនិយាយទៅកាន់អ្នកគាំទ្រដោយផ្ទាល់ជាយូរមកហើយ។ ពេលនេះ Trump TV បន្ថែមមធ្យោបាយមួយទៀត ដែលអនុញ្ញាតឱ្យសេតវិមានបញ្ជូនសាររបស់ខ្លួនដោយផ្ទាល់ទៅកាន់សាធារណជន ដោយមិនចាំបាច់ឆ្លងកាត់ការជ្រើសរើស និងការបកស្រាយរបស់បណ្តាញសារព័ត៌មានប្រពៃណីជាមុនទៀតឡើយ។
ចំណុចមួយដែលគេកំពុងតាមដាននោះគឺថា តើ Trump TV នឹងក្លាយជាមធ្យោបាយមានប្រសិទ្ធភាពប៉ុណ្ណា សម្រាប់សេតវិមានក្នុងការបញ្ជូនសាររបស់ខ្លួនទៅអ្នកបោះឆ្នោត ដោយមិនពឹងផ្អែកលើបណ្តាញសារព័ត៌មានប្រពៃណី ដូចមុននោះទេ។
សេចក្តីសន្និដ្ឋាន៖
ជម្លោះរវាងលោក Trump និងសារព័ត៌មានលើកនេះ មិនមែនគ្រាន់តែជារឿង Trump ទល់នឹង CNN នោះទេ។ វាបានឈានទៅជាជម្លោះធំជាងនេះ ដែលពាក់ព័ន្ធនឹង សិទ្ធិចូលដល់ប្រធានា ធិបតី (Access), ការត្រួតពិនិត្យ និងការទាមទារឱ្យអ្នកកាន់អំណាចទទួលខុសត្រូវ (Accountability) និងការគ្រប់គ្រងព័ត៌មាន (Information Control)។
សេតវិមានអះអាងពីសិទ្ធិរបស់ខ្លួនក្នុងការកំណត់ថា អ្នកណាអាចចូលដល់ប្រធានាធិបតី។ ស្ថាប័នព័ត៌មានវិញអះអាងថា រដ្ឋាភិបាលមិនអាចដកសិទ្ធិចូលយកព័ត៌មាន ដើម្បីដាក់ទណ្ឌកម្មសារព័ត៌មានដោយសារមិនពេញចិត្តនឹងការរាយការណ៍របស់ពួកគេបានទេ។ ជម្លោះផ្លូវច្បាប់នេះ ឥឡូវបានឈានដល់តុលាការ។
ទន្ទឹមនឹងនេះ Trump TV បានបន្ថែមផ្លូវមួយទៀត ដែលអនុញ្ញាតឱ្យសេតវិមានបញ្ជូនសាររបស់ខ្លួនទៅកាន់សាធារណជនដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់បណ្តាញសារព័ត៌មានប្រពៃណីជាមុន។
ដូច្នេះ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ សំណួរសំខាន់មួយដែលត្រូវតាមដានចាប់ពីពេលនេះទៅគឺ៖ តើតុលាការអាមេរិក នឹងបកស្រាយព្រំដែនរវាងអំណាចរបស់សេតវិមានក្នុងការគ្រប់គ្រងសិទ្ធិចូលដល់ប្រធានាធិបតី និងសិទ្ធិសេរីភាពសារព័ត៌មាន ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញយ៉ាងដូចម្តេច?










