FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ

22-09-2026 16:58

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ អង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំពិធីបើកកិច្ចប្រជុំបណ្ដាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (Network of ASEAN Defense and Security Institutions ហៅកាត់ថា NADI) ក្រោមប្រធានបទ «ការពង្រឹងភាពជាមជ្ឈភាពអាស៊ាន តាមរយៈយន្តការពង្រឹងក្នុងការគោរពច្បាប់អន្តរជាតិ និងលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ដែលមានមូលដ្ឋានលើច្បាប់» (Strengthening ASEAN Centrality through Enhanced Mechanisms in Upholding International Law and Promoting a Rules-Based Regional Order)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់តំណាង ស្ថាប័នស្រាវជ្រាវ និងគោលគំនិតក្នុងវិស័យការពារជាតិ និងសន្តិសុខចំនួន៥០នាក់ មកពី១៤ស្ថាប័នទូទាំងប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអនុសាសន៍ពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងចក្ខុវិស័យរៀបចំនូវការពិភាក្សាដោយបើកចំហក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវយុទ្ធសាស្រ្តការពារជាតិ និងក្រុមការងារគោលគំនិតក្នុងវិស័យការពារជាតិអាស៊ាន ដើម្បីឆ្លុះបញ្ចាំងពីបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយ និងបរិយាកាស សន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ។

កម្ពុជាជាប្រទេសដែលរងគ្រោះដោយសង្រ្គាមស៊ីវិលជាង២៨ឆ្នាំ រហូតមានគោលនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅកាន់ការសមាហរណកម្មកម្លាំងដោយគ្មានការប្រើប្រាស់អាវុធ ធ្វើឱ្យប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ទទួលបានសន្តិភាព និង ការឯកភាពជាតិពេញលេញ ហើយបានអភិវឌ្ឍប្រទេសជាតិដូចដែលបានឃើញជាក់ស្តែងនាបច្ចុប្បន្ននេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានបន្តគោលជំហរក្សាសន្តិភាពនេះ និងធានាភាពរីកចម្រើននៃសុខុមាលភាពប្រជាជន ដូចនេះកម្ពុជារក្សាគោលជំហយ៉ាងរឹងមាំក្នុងការគោរពច្បាប់អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសតំបន់ និងពិភាពលោក ដើម្បីធានាបាននូវចីរភាពសន្តិភាព និងសណ្ដាប់ធ្នាប់អន្តរជាតិ។

ពិធីបើកនៃកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ។

ក្នុងសុន្ទរកថាបើកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងពីសារៈសំខាន់នៃប្រធានបទកិច្ចប្រជុំ ដែលស្របតាមបរិបទសន្តិសុខបច្ចុប្បន្ន ខណៈប្រព័ន្ធអន្តរជាតិកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្របពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សកម្មភាពឯកតោភាគី ការប្រើប្រាស់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមចំពោះពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ កាន់តែមានភាពស្មុគស្មាញ។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន តាមរយៈយន្តការដែល ផ្អែកលើច្បាប់តំបន់ និងអន្តរជាតិ ដើម្បីឱ្យអាស៊ានអាចបន្តដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការទប់ស្កាត់ជម្លោះក្នុងតំបន់។

ទន្ទឹមនឹងនេះ កិច្ចប្រជុំខាងលើក៏មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់កម្ពុជា ក្នុងការផ្តល់នូវសុន្ទរកថាគន្លឹះក្នុងអង្គប្រជុំពីសំណាក់លោក បណ្ឌិត ឈឿនបូរាណ ច័ន្ទបូរី អនុរដ្ឋលេខាធិកាក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិតឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់នៃរដ្ឋសភាកម្ពុជា លើប្រធានបទ «មជ្ឈភាពអាស៊ានក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូរ»។

វត្តមានចូលរួមពីសំណាក់វាគ្មិនជាន់ខ្ពស់ទាំងអស់សបញ្ជាក់អំពីសារសំខាន់ នៃការ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ក្នុងបញ្ហាសន្តិសុខតំបន់ និងពិភពលោក សារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការចូលរួមរៀបចំសណ្ដាប់ធ្នាប់តំបន់ និងអន្តរជាតិ ដែលចេញពីឆន្ទៈរបស់បណ្ដាសមាជិករដ្ឋទាំង អស់ ពិសេសការពង្រឹងមជ្ឈភាពអាស៊ាន និងប្រសិទ្ធិភាពនៃការគាំទ្រគោលការណ៍អាស៊ាន តាមរយៈការគោរពច្បាប់អន្តរជាតិ និងគោលការណ៍តំបន់ឱ្យបានរឹងមាំ។

កិច្ចពិភាក្សាត្រូវបានដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ ព្រមទាំងជាប្រធានក្រុម NADI កម្ពុជា។

លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី បានសង្កត់ធ្ងន់ថា ប្រធានបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធយ៉ាងខ្លាំងជាមួយបរិយាកាសសន្តិសុខ ក្នុងតំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមិនអាចប៉ាន់ស្មានបាន។ ក្នុងបរិបទនេះ NADI ត្រូវបានមើលឃើញថា មានតួនាទីសំខាន់ក្នុងការផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងការសិក្សាយុទ្ធសាស្ត្រ ព្រមទាំងការបង្កើតគំនិត និងអនុសាសន៍ដែលអាចចូលរួមចំណែកដល់ការពង្រឹងយន្តការអាស៊ាន។

លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី ក៏បានជំរុញឱ្យការពិភាក្សារបស់ NADI ផ្តោតលើអនុសាសន៍ជាក់ស្តែង និងឆ្ពោះទៅមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ រួមមានការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ ព័ត៌មានមិនពិត និងការរីកចម្រើននៃបច្ចេកវិទ្យា។ ក្នុងនោះការធ្វើទំនើបកម្មវិស័យការពារជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ត្រូវបានលើកឡើងថា គួរតែស្របតាមច្បាប់អន្តរជាតិ និងគោលដៅរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរឱ្យកត់សម្គាល់ផងដែលថាកម្ពុជា ក្នុងការកសាងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ ការចូលរួម ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការសន្ទនា និងយន្តការទ្វេភាគី។ បទពិសោធន៍ទាំងនេះត្រូវបានលើកឡើងក្នុងន័យបង្ហាញពីសារៈសំខាន់នៃការសន្ទនា ការកសាងទំនុកចិត្ត និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងសម័យប្រជុំសំខាន់ៗ តំណាងស្ថាប័នការពារជាតិ និងសន្តិសុខអាស៊ានទាំង១៤ បានចូលរួមធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទសំខាន់ចំនួនពីរ គឺ «ច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ាន» និង «ការពង្រឹងយន្តការអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ ស្របតាមច្បាប់អន្តរជាតិ»។

តាមរបៀបវារៈនៃកិច្ចពិភាក្សា ប្រតិភូចូលរួមបានផ្លាស់ប្តូរទស្សនៈអំពីវិធីសាស្ត្រដែលអាស៊ានអាចពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសន្តិសុខដែលកំពុងកើតមាន ខណៈរក្សាបាននូវគោលការណ៍ស្នូលរបស់អាស៊ាន និងការគោរពច្បាប់អន្តរជាតិ។

លទ្ធផលនៃកិច្ចពិភាក្សានេះនឹងត្រូវរៀបចំជាអនុសាសន៍ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ពិនិត្យ និងពិចារណា ក្នុងការគាំទ្រដល់ការកំណត់ទិសដៅ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខរបស់អាស៊ាន។ ក្រៅពីកិច្ចប្រជុំ គណៈប្រតិភូអាស៊ានក៏មានកម្មវិធីធ្វើទស្សនកិច្ចស្វែងយល់ពីទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រ សំខាន់ៗរបស់កម្ពុជា រួមមាន វិមានឯករាជ្យជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងសារមន្ទីរតេជោសន្តិភាព នៃវិមានឈ្នះឈ្នះ។

កម្មវិធីទស្សនកិច្ចនេះ ផ្តល់ឱកាសដល់គណៈប្រតិភូ ស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់កម្ពុជា ព្រមទាំងជាផ្នែកមួយនៃការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិ។ ជាពិសេស តាមរយៈការទស្សនាវិមានឈ្នះឈ្នះ និងសារមន្ទីរតេជោសន្តិភាព គណៈប្រតិភូនឹងមានឱកាសស្វែងយល់កាន់តែស៊ីជម្រៅអំពីដំណើរការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិរបស់កម្ពុជា តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលជាបទពិសោធន៍មួយក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធ និងនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។ តាមរយៈការរៀបចំកិច្ចប្រជុំ NADI នៅរាជធានីភ្នំពេញ កម្ពុជាបានផ្តល់វេទិកាឱ្យបណ្តាប្រទេសសមាជិកអាស៊ាន បន្តផ្លាស់ប្តូរទស្សនៈ ស្វែងរកការយល់ឃើញរួម និងពិភាក្សាអំពីវិធីពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមសន្តិសុខដែលកំពុងវិវត្ត ស្របតាមច្បាប់អន្តរជាតិ និងរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕