លោក អ៊ុយ រី និងលោក សុខ លូ អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅខេត្តបាត់ដំបង
22-09-2026 16:39
(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (និទ្ទេស A) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាលដែលបានយកចិត្តទុកដាក់អប់រំកូនៗ រហូតទទួលបានលទ្ធផលល្អប្រសើរ។ លោកក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាសិស្សពូកែ។
លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់និទ្ទេស A ដោយចាត់ទុកថាជាជំហានជោគជ័យដំបូងប៉ុណ្ណោះ។
លោកអភិបាលខេត្តបានក្រើនរំឭកដល់សិស្សានុសិស្សឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬចាប់យកជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានច្បាស់លាស់ ស្របតាមសក្តានុពល និងចំណង់ចំណូលចិត្តរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានជំរុញឱ្យក្មួយៗចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយដើរតួជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែចាត់ទុក «មនុស្ស» ជាអាទិភាពចម្បងបំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយការពង្រឹងគុណភាពវិស័យអប់រំគឺជាគ្រឹះដ៏រឹងមាំក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបាត់ដំបង មានបេក្ខជនប្រឡងសរុបចំនួន ៩,៣៤៣នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧,៦០៤នាក់ ស្មើនឹង ៨១.៣៩%។ ក្នុងចំណោមអ្នកជាប់ទាំងអស់ មានបេក្ខជនចំនួន ៩០នាក់ បានទទួលនិទ្ទេស A ដែលជាមោទកភាពសម្រាប់ខេត្តបាត់ដំបង និងជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃវិស័យអប់រំ៕



























