បណ្ឌិត កៅ ថាច នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ា-ស៊ីហ្វិក លើកទី១០០ នៅប្រទេសស្រីលង្កា
22-09-2026 16:24
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ា-ស៊ីហ្វិក លើកទី១០០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងដំណើរ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ លោកបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ និង កិច្ចប្រជុំពាក់ព័ន្ធនានា ផងដែរ។
កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នឹងធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព រួម៖ ការជំរុញសក្តានុពលតំបន់ - Partnerships for Prosperity: Unlocking Regional Potential ដែលនឹងផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ កិច្ចសន្ទនាក្របខ័ណ្ឌកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍, ការចែករំលែកចំណេះដឹង, និងការបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។
កម្មវិធីនៃកិច្ចប្រជុំនេះ នឹងផ្តោតលើអាទិភាពសំខាន់ៗក្នុងតំបន់ រួមមាន ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រតិដ្ឋ, ដំណោះស្រាយ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, និងក្របខ័ណ្ឌសកម្មភាពជាក់ស្តែង សំដៅពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
បន្ថែមលើកិច្ចសន្ទនានេះ, កិច្ចប្រជុំ ក៏នឹងរៀបចំឱ្យមានកម្មវិធីកសាង បណ្តាញទំនាក់ទំនង សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដៃគូប្រកបដោយចីរភាព នឹងមានរបៀបវារៈចម្បងដូចខាងក្រោម÷
ទី១៖ ការបង្កើនសហថាមពលនៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បី កំណើនប្រកបដោយចីរភាព
ទី២៖ ការកសាងសេដ្ឋកិច្ចដែលមានភាពធន់ តាមរយៈ ការធ្វើសមាហរណកម្មក្នុងតំបន់លើការវិនិយោគ, និងខ្សែច្រវាក់ផ្គត់ផ្គង់សំដៅជំរុញភាពប្រកួតប្រជែង និងការបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុង តំបន់លើការត្រៀមខ្លួននឹងគ្រោះមហន្តរាយ សន្តិសុខស្បៀង និងប្រព័ន្ធសុខាភិបាល ដើម្បីពង្រឹង ភាពធន់នៃសេដ្ឋកិច្ច
ទី៣៖ អន្តរកាលនៃហិរញ្ញប្បទានអាកាសធាតុ និងសេដ្ឋកិច្ចបៃតង
ទី៤៖ ការធ្វើបរិវត្តកម្មឌីជីថល សម្រាប់ការជំរុញកំណើនសហគ្រាសធុនតូច និងមធ្យម (SMEs) ប្រកប ដោយបរិយាបន្ន
ទី៥៖ ការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការដៃគូ សម្រាប់បរិយាបន្នសង្គម និងសមធម៌៕





