FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំហរ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើស Online Scams

22-09-2026 16:13

(ត្បូងឃ្មុំ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តចុះធ្វើរដ្ឋបាលចំហរ និងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីកម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរមូលដ្ឋាន។
ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងចំនួន ៧កន្លែង រួមមាន៖ ផ្ទះសំណាក់ចំនួន ៣ទីតាំង និងបន្ទប់ជួលចំនួន ៤ទីតាំង។ ក្នុងចំណោមទីតាំងទាំងនោះ គេបានរកឃើញជនបរទេសចំនួន ៨នាក់ (ស្រី ២នាក់) កំពុងស្នាក់នៅ ក្នុងនោះមានជនជាតិវៀតណាម ៦នាក់ (ស្រី ២នាក់) និងជនជាតិចិន ២នាក់។

លទ្ធផល នៃការត្រួតពិនិត្យបានបង្ហាញថា ជនបរទេសទាំង ៨នាក់ សុទ្ធតែមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវតាមច្បាប់ ហើយត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅជាធម្មតា។

អភិបាលខេត្តបានសង្កត់ធ្ងន់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យស្វែងរកទីតាំងដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅក្នុងក្រុង ស្រុកទាំង ៧ នៃភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ក៏នឹងបន្តធ្វើឡើងជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនៅក្នុងខេត្ត៕