ស្នងការនគរបាលខេត្តកណ្ដាល ជំរុញកងកម្លាំងខិតខំបំពេញភារកិច្ច និងពង្រឹងសន្តិសុខសង្គម
22-09-2026 14:53
(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានជំរុញកងកម្លាំងនគរបាលទាំងអស់ ឱ្យខិតខំបំពេញការងារជំនាញប្រចាំថ្ងៃ រួមទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសតាមដងផ្លូវក្នុងក្រុងតាខ្មៅ ជូនថ្នាក់ដឹកនាំឱ្យបានល្អប្រសើរ។
ការជំរុញនេះបានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំកងកម្លាំងគោរពទង់ជាតិ នៅបរិវេណស្នងការដ្ឋាន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំបន្ថែមដល់កងកម្លាំងឱ្យប្រមូលផ្តុំនៅកន្លែងរង់ចាំទទួលបទបញ្ជា និងគ្រប់គ្រងវត្តមានឱ្យបានត្រឹមត្រូវ។ ចំពោះកម្លាំងនគរបាលចរាចរណ៍ ត្រូវបន្តអនុវត្តការងាររឹត បន្តឹងច្បាប់ចរាចរណ៍ប្រកបដោយអាកប្បកិរិយាទន់ភ្លន់ តែហ្មត់ចត់ និងមានសីលធម៌វិជ្ជាជីវៈខ្ពស់។ រីឯកម្លាំងនគរបាលសណ្តាប់ធ្នាប់ ត្រូវសហការជាមួយក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវក្នុងក្រុងតាខ្មៅឱ្យបានសស្រាក់សស្រាំ។ ជាមួយគ្នានេះ រាល់ការប្រើប្រាស់មធ្យោបាយរបស់អង្គភាព ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមបទដ្ឋាន។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានឆ្លៀតចុះពិនិត្យដំណើរការចូលដាក់ពាក្យប្រឡងរបស់បេក្ខជន ដែលមានបំណងចង់ក្លាយជាមន្ត្រីនគរបាលផងដែរ។ ការផ្តល់ពាក្យសម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌ មន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ដើម្បីចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ផ្តើមដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ការយកចិត្តទុកដាក់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្នងការដ្ឋាន ក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការពង្រឹងសមត្ថភាពកងកម្លាំងនគរបាលឱ្យកាន់តែមានប្រសិទ្ធភាព៕






































