សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត (Video inside)
22-09-2026 12:31
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបានរៀបរាប់អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃឈ្មោះរបស់ចៅស្រីទី២៣ គឺកុមារី «ហ៊ុន បញ្ចពរមាលា» ក្នុងឱកាសគម្រប់ខួប ១ខែនៃកំណើតរបស់នាង ព្រមទាំងបានបង្ហើបពីបំណងចង់ឃើញវត្តមានចៅទួតផងដែរ។
យោងតាមការបង្ហោះរបស់សម្ដេចតេជោ ឈ្មោះ «ហ៊ុន បញ្ចពរមាលា» (HUN PANHJAKPOR MIALIA) មានន័យថា «កម្រងនៃពរជ័យទាំងប្រាំ» ដែលប្រមូលផ្តុំទៅដោយពរជ័យមង្គលទាំង ៥ ប្រការ រួមមាន៖
១. អាយុ ៖ មានអាយុយ៉ឺនយូរ
២. វណ្ណៈ ៖ មានសម្បុរល្អស្រស់ស្អាត ឬក្នុងន័យមួយទៀត គឺមានពូជពង្សវណ្ណៈល្អខ្ពង់ខ្ពស់
៣. សុខៈ ៖ សុខភាពល្អបរិបូរណ៍ រឹងមាំ គ្មានទុក្ខជាប់កាយ និងមានសេចក្ដីសប្បាយរីករាយ
៤. ពលៈ ៖ កម្លាំងពលំមាំមួន និងមានថាមពល
៥. បដិភាណៈ ៖ មានប្រាជ្ញាឈ្លាសវៃ រហ័សរហួនក្នុងការសិក្សារៀនសូត្រ និងការចាប់យកអ្វីថ្មីៗ។
ទន្ទឹមនឹងការបង្ហាញពីអត្ថន័យដ៏មានសិរីសួស្តីនៃឈ្មោះចៅស្រី សម្ដេចតេជោក៏បានបង្ហាញនូវអារម្មណ៍រីករាយ និងក្តីស្រឡាញ់យ៉ាងកក់ក្តៅចំពោះចៅៗ ដោយបានគូសបញ្ជាក់បន្ថែមបែបកំប្លុកកំប្លែង និងពោរពេញដោយក្តីសង្ឃឹមថា ពេលនេះសម្ដេចកំពុងចង់បានចៅទួតបន្តទៀត ប៉ុន្តែប្រហែលជាត្រូវរង់ចាំមួយរយៈ ដោយសារចៅៗកំពុងជាប់រវល់ក្នុងការសិក្សារៀនសូត្រ៕















