FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង

22-09-2026 11:12

(ពោធិ៍សាត់)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺផ្លូវការ ដើម្បីច្រានចោល និងបំភ្លឺជូនសាធារណជនឱ្យបានដឹងពីការពិត ក្រោយពេលមានគណនីហ្វេសប៊ុកផេកឈ្មោះ «បណ្តាញព័ត៌មានថ្មី» ធ្វើការផ្សព្វផ្សាយព័ត៌មានខុសការពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងចំណាត់ការលើសកម្មជនដីធ្លី និងការគ្រប់គ្រងដីនៅតំបន់ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង។

ក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា បុគ្គលឈ្មោះ ប្រុស សៀក និងបុគ្គលឈ្មោះ ស៊ុំ សម្បត្តិ ដែលតែងអះអាងខ្លួនជាសកម្មជនដីធ្លី និងជ្រកក្រោមស្លាកអ្នកសារព័ត៌មាន បានដើរញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ។

ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ បច្ចុប្បន្នបុគ្គលទាំងពីររូបនេះ កំពុងស្ថិតក្រោមវិធានការ និងនីតិវិធីរបស់ សាលាដំបូងខេត្តពោធិ៍សាត់ ហើយ។

ក្រោមការដឹកនាំរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត ពុំដែលដាក់ចេញនូវគោលការណ៍កាត់ ឬដកហូតដីស្របច្បាប់ណាមួយ របស់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញសិទ្ធិលើដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប គឺត្រូវបានការពារជានិច្ច។

រដ្ឋបាលខេត្តបានប្រកាស ច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានអកុសលគ្មានមូលដ្ឋាន និងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលប្រព្រឹត្តខុស ដើម្បីធានាសុខសុវត្ថិភាព និងកិត្យានុភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

រដ្ឋបាលខេត្តពោធិ៍សាត់ សំណូមពរដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាឈប់ចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្តិយសអ្នកដទៃ៕