FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» នៅភ្នំគូលែន បញ្ចប់ដោយជោគជ័យ ទទួលបានថវិកាជួយមន្ទីរពេទ្យកុមារអង្គរ (Video inside)

21-09-2026 23:52

(សៀមរាប)៖ កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រនៃឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប។ កម្មវិធីដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមហ៊ុន TEMPLE GROUP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។

គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីផ្សារភ្ជាប់ធម្មជាតិ បេតិកភណ្ឌ សហគមន៍ និងការចែករំលែកក្ដីស្រឡាញ់តាមរយៈការធ្វើសប្បុរសធម៌។ រាល់ថវិកាដែលទទួលបានពីការចូលរួមរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ នឹងត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដើម្បីរួមចំណែកជួយដល់សុខភាព និងការព្យាបាលកុមារកម្ពុជាយើង។

ក្រុមការងាររៀបចំកម្មវិធី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្របំផុតចំពោះភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមដើរដោយផ្ទាល់ ព្រមទាំងការគាំទ្រយ៉ាងសកម្មក្នុងស្មារតីសប្បុរសធម៌។ ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីកិច្ចសហការដ៏ល្អប្រសើររវាងកងរាជអាវុធហត្ថខេត្តសៀមរាប ក្រុមហ៊ុន TEMPLE GROUP និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាសម្រេចបាននូវលទ្ធផលគួរឱ្យមោទនភាពនេះ។ កម្មវិធីនេះក៏មានការឧបត្ថម្ភធំដោយភេសជ្ជៈប៉ូវកម្លាំង បាកាស ផងដែរ។

ការបញ្ចប់កម្មវិធីនេះ មិនត្រឹមតែបានបង្ហាញពីសក្ដានុពលទេសចរណ៍បែបផ្សងព្រេងនៅភ្នំគូលែនប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការចែករំលែកក្នុងសង្គម ដើម្បីរួមចំណែកកសាងអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា។