FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់

21-09-2026 20:59

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦បានទទួលជួបពិភាក្សាការងារជាមួយលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងក្រុមការងារ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនេះ លោក ហេង រតនា បានរំលឹកអំពីប្រវត្តិរបស់អង្គភាព CMAC ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ និងបានក្លាយជាស្ថាប័នជាតិនៅឆ្នាំ១៩៩៣ ដោយមានសម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលជាប្រធានក្រុមប្រឹក្សាភិបាលរហូតមកដល់បច្ចុប្បន្ន។ លោកបានគូសបញ្ជាក់ថា UNDP គឺជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់ CMAC។

លោកអគ្គនាយកក៏បានជម្រាបជូនលោក Enrico Gaveglia អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥០.០០០ នាក់។ ផលប៉ះពាល់ទាំងនេះរួមមានការរងផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គម និងសិទ្ធិមូលដ្ឋានដូចជា លំនៅដ្ឋាន សុខសុវត្ថិភាព និងដីស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាពីលទ្ធភាពពង្រឹងកិច្ចសហការផ្តល់ការហ្វឹកហ្វឺន និងផ្លាស់ប្តូរបទពិសោធន៍របស់អង្គភាព CMAC ជាអន្តរជាតិផងដែរ។

ជំនួបនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង CMAC និង UNDP ក្នុងការដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕