លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណគ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A
21-09-2026 17:15
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A នៃខេត្តស្ទឹងត្រែង។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើននាក់។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដល់សិស្សានុសិស្ស។ លោកបានគូសបញ្ជាក់ថា ការលះបង់នេះសបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងខេត្ត។
លោក សរ សុពុត្រា ក៏បានអបអរសាទរចំពោះសិស្សឆ្នើមទាំង ៦រូប ដែលបានប្រឡងជាប់និទ្ទេស A ដោយសង្កត់ធ្ងន់ថា ជោគជ័យនេះគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរួមគ្នា រវាងការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការតស៊ូរបស់សិស្សផ្ទាល់។ ជោគជ័យនេះមិនត្រឹមតែជាកិត្តិយសសម្រាប់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ តែជាមោទនភាពរបស់ខេត្តស្ទឹងត្រែងទាំងមូល។ លោកបានណែនាំឱ្យសិស្សានុសិស្សជ្រើសរើសជំនាញសិក្សាឱ្យបានច្បាស់លាស់ ស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ដែលទាមទារធនធានមនុស្សមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ភាសាបរទេស និងបច្ចេកវិទ្យា។
ជាការលើកទឹកចិត្ត សិស្សឆ្នើមនិទ្ទេស A ទាំង ៦រូប ទទួលបានម៉ូតូ ១គ្រឿងម្នាក់ៗ ដែលជាអំណោយរបស់លោកអភិបាលខេត្តផ្ទាល់។ រីឯលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន ក៏ទទួលបានថវិកា ១០ម៉ឺនរៀលម្នាក់ៗផងដែរ។ ការផ្តល់រង្វាន់នេះ គឺជាការទទួលស្គាល់ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ទាំងគ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅខេត្តស្ទឹងត្រែង៕


















