កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ របស់កម្ពុជា ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅអាហ្វ្រិកកណ្តាល និងលីបង់ ត្រូវបានបំពាក់មេដាយ
21-09-2026 17:04
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមក្នុងពិធី ទទួលដំណើរមាតុភូមិនិវត្តន៍ និងបំពាក់មេដាយជូនកងអនុសេនាធំវិស្វកម្ម ពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋលីបង់ ដែលជាស្នាដៃដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និងមនុស្សធម៌នៅ លើពិភពលោក និងជាសក្ខីភាពជាក់ស្តែងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ សន្តិភាពសាកលលោក។
ពិធីនេះដែរ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម, លោកស្រី ភ្លដាន់កា អាន់វ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើននាក់។
នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានលើកឡើងថា គ្រប់សមិទ្ធផលដែលកងវិស្វកម្មចូលរួមចំណែក គឺជាមូលដ្ឋានសម្រាប់ការពារប្រជាពលរដ្ឋ ការផ្តល់ជំនួយមនុស្សធម៌ និងលើកកម្ពស់ស្ថិរភាពរយៈពេលវែង។ សមត្ថភាពក្នុងការបំពេញភារកិច្ចចម្រុះ បានបង្កើនល្បឿនការឆ្លើយតប បង្កើនភាពបត់បែន ក្នុងការប្រើប្រាស់ធនធាន កាត់បន្ថយការពន្យារពេលក្នុងប្រតិបត្តិការ និងជួយពង្រឹងភាពរឹងមាំរបស់ បេសកកម្មទាំងមូល។ នេះជាសមត្ថភាព ដ៏ចាំបាច់សម្រាប់កងវិស្វកម្មកម្ពុជា ក្នុងបរិបទបេសកកម្មរក្សាសន្តិភាពសម័យទំនើបហើយការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ គឺជាគោលដៅសំខាន់បំផុត ដែលអាចចាប់ផ្តើមពីការវិនិយោគលើធនធានមនុស្ស ការបណ្តុះបណ្តាលមុនពេលបញ្ជូនកងកម្លាំង ការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ ការពង្រឹងសមត្ថភាពភាសាបរទេសការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសមត្ថភាពធ្វើការរួមជាមួយកងកម្លាំងពហុជាតិ។
លោកបានបន្តថា លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបឧបករណ៍វិស្វកម្មសមស្រប ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ យន្តហោះគ្មានមនុស្សបើក ប្រព័ន្ធថែទាំគ្រឿងចក្រ ប្រកបដោយប្រសិទ្ធភាព និងជួយបង្កើនគុណភាព និងសុវត្ថិភាពនៃការអនុវត្តប្រតិបត្តិការ។ មិនអាស្រ័យតែលើសមត្ថភាព ទោះជាយ៉ាងណាក៏ដោយភាពជោគជ័យរបស់កងវិស្វកម្ម បច្ចេកទេសតែ មួយមុខប៉ុណ្ណោះទេ កត្តាសំខាន់បំផុត គឺ «ឯកភាព សាមគ្គីភាព អត់ធ្មត់ និងឆន្ទៈពិត ប្រាកដ» ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់បេសកកម្មរក្សាសន្តិភាពគ្រប់បេសកកម្ម។ ការឯកភាពក្នុងអង្គភាព បង្កើតនូវទំនុកចិត្ត វិន័យ សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក នាំឱ្យកងកម្លាំងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ការឯកភាពរវាងកងកម្លាំងពហុជាតិ ក៏ជាកត្តាចាំបាច់មិនអាចខ្វះបាន។ ការបំពេញ ការងារជិតស្និទ្ធជាមួយកងកម្លាំងយោធា នគរបាល មន្ត្រីស៊ីវិល អង្គការមនុស្សធម៌មកពីប្រទេសជាច្រើន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងការគោរពគ្នាទៅវិញទៅមកការសម្របសម្រួលល្អ ការចែករំលែកទំនួលខុសត្រូវ ជាកម្លាំងធ្វើឱ្យបេសកកម្មសម្រេចបានជោគជ័យ។
បើតាម ឧត្តមសេនីយ៍ទោ សែម រតនា, រយៈពេល២០ឆ្នាំ ក្រោមការដឹកនាំដ៏ជោគជ័យរបស់ សម្តេចតេជោ និងរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ អគ្គបញ្ជាការ និងកម្លាំងមហាសាមគ្គីមកពីបណ្តាស្ថាប័នរដ្ឋ និងអង្គភាពនៃកងយោធពលខេមរ ភូមិន្ទនានា ការបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆ័ត្រ អ.ស.ប សរុបចំនួន ១០,៩១៤នាក់ ក្នុងនោះមាន នារីចំនួន ១,០៨៣នាក់ បានចេញបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណ រដ្ឋ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រុស យេមែន និងសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងមានចំនួន ៤៧៥នាក់ ក្នុងនោះនារីចំនួន ៩៥នាក់ កំពុងបំពេញ បេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេ យ្យកុងហ្គោ៕














