ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធប្រមាណជាង៨០នាក់ ទទួលបានការបណ្តុះបណ្តាលស្តីពី «ជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»
21-09-2026 15:36
(សៀមរាប)៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ជូនដល់ថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរពាក់ព័ន្ធប្រមាណជាង ៨០នាក់ ក្នុងខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះលោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ដោយផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងស៊ីជម្រៅ និងការអនុវត្តជាក់ស្តែង ផ្តោតលើដំណាក់កាលសំខាន់ៗទាំង៣ នៃការសម្រុះសម្រួល រួមមាន៖ ដំណាក់កាលមុនដំណើរការសម្រុះសម្រួល ដំណាក់កាលអំឡុងពេលសម្រុះសម្រួល និងដំណាក់កាលក្រោយការសម្រុះសម្រួលដោះស្រាយវិវាទ។
លោករដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលត្រូវសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នេះ ដោយក្នុងនោះរួមមាន «ការពង្រឹង និងលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌»។
លោក ឯម ច័ន្ទមករា បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗ ៣ រួមមាន៖ ទី១) ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ពិសេសនៅមូលដ្ឋាន ទី២) ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការ និងទី៣) ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់។
ជុំវិញការកែទម្រង់ប្រព័ន្ធយុត្តិធម៌លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ទិសដៅការងារត្រូវបានប្រមូលផ្តុំលើសសរស្តម្ភសំខាន់ៗ២ គឺទី១. ការកែទម្រង់ប្រព័ន្ធតុលាការ ដែលត្រូវខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់នូវ គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស សុក្រឹត និងត្រឹមត្រូវ និងទី២. ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ ដែលរាជរដ្ឋាភិបាលបាន បង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ យន្តការនេះជួយសម្រុះសម្រួល ផ្សះផ្សា និងបញ្ចប់វិវាទបានឆាប់រហ័ស ធានាបាននូវវប្បធម៌សន្តិភាពនិយម ភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។
លើសពីនេះ លោក មករា បានសង្កត់ធ្ងន់ថា ភាពពិសេសរបស់ អ.ដ.ក. គឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដោយ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ មានន័យថា វិវាទដែលដោះស្រាយរួច គឺចប់ជាស្ថាពរ ដោយមិនចាំបាច់ប្តឹងបន្តទៅតុលាការទៀតឡើយ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ អ.ដ.ក. ធ្លាប់បានចុះមកផ្សព្វផ្សាយបេសកកម្មរបស់ខ្លួន និងរៀបចំវគ្គបណ្តុះបណ្តាលស្រដៀងគ្នានេះម្តងរួចមកហើយនៅខេត្តសៀមរាប។ ក្រោយមក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប ក៏បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។
វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយទៀត ស្របតាមស្មារតីនៃ MOU ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តផ្ទាល់ និងធានាប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការសម្រុះសម្រួលវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕
Please follow Channel & Reel CoolApp:
https://channel.coolapp.com.kh/@em_chan_makara










