FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនខ្មែរម្នាក់ ជិះម៉ូតូផ្សងព្រេងឆ្លងកាត់១៥ប្រទេស ចម្ងាយផ្លូវ២៥០០០គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

21-09-2026 14:41

(ភ្នំពេញ)៖ លោក វ៉ាន់ ហ្សាកូលីន ហៅ FROST ZK ដែលជាអ្នកជិះម៉ូតូផ្សងព្រេងម្នាក់ឯងដំបូងគេនៅកម្ពុជា បាននិងកំពុងបន្តបេសកកម្មដ៏អស្ចារ្យមួយដោយជិះម៉ូតូខ្មែរម៉ាក Calypso ម៉ូឌែល Explorer Urbex 180cc ឆ្លងកាត់ប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងផលិតផលកូនខ្មែរទៅកាន់ពិភពលោក។

បច្ចុប្បន្ន លោកបានធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថានហើយ ដោយបានជិះបានចម្ងាយជិត ១០,០០០ គីឡូម៉ែត្រ ដែលជាភស្តុតាងបញ្ជាក់ពីគុណភាពម៉ូតូផលិតដោយកូនខ្មែរ និងស្មារតីផ្សងព្រេងរបស់លោក។

នៅក្នុងដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ លោក FROST ZK គ្រោងជិះកាត់ប្រទេសចំនួន១៥ ដែលមានចម្ងាយផ្លូវសរុបប្រហាក់ប្រហែល ២៥,០០០ គីឡូម៉ែត្រ ដោយចំណាយពេលសរុប ១២០ថ្ងៃ។ គិតមកដល់ពេលនេះ លោកបានជិះមកដល់ប្រទេសទី៤ ហើយ ក្នុងចំណោមប្រទេសទាំង១៥ ដែលបានគ្រោងទុក។

គោលបំណងសំខាន់ នៃដំណើរផ្សងព្រេងនេះ គឺដើម្បីផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ក្រោមពាក្យស្លោកថា «កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព» (Cambodia is a safe destination)។

ក្រៅពីនេះ លោកក៏មានបំណងចង់ផ្សព្វផ្សាយពីផលិតផលកូនខ្មែរ គឺម៉ូតូម៉ាក Calypso ឲ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។

ដំណើរផ្សងព្រេងនេះ មិនត្រឹមតែជាការបំពេញក្តីស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកស្ទួយកិត្តិយសជាតិ និងផលិតផលខ្មែរនៅលើឆាកអន្តរជាតិ ដែលបង្ហាញពីមោទកភាពជាតិ និងសមត្ថភាពរបស់កូនខ្មែរ៕