ត្រៀមពិធីបុណ្យភ្ជុំបិណ្ឌ! អភិបាលស្រុកតាំងគោក ណែនាំឱ្យមន្ត្រី អាជ្ញាធរ កងកម្លាំង ត្រៀមប្រចាំការដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ជូនពុទ្ធបរិស័ទ
21-09-2026 14:22
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានណែនាំយ៉ាងម៉ឺងម៉ាត់នាពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នាពេលឆាប់ៗនេះ គ្រប់វេន និងគ្រប់វត្តអារាមទាំងអស់នៅក្នុងស្រុក ត្រូវតែមានមន្ត្រីអាជ្ញាធរចាប់ពីភូមិ ឃុំយ៉ាងតិចមួយនាក់ក្នុងមួយវេន និងកងកម្លាំងមានសមត្ថកិច្ចប្រចាំការជាប្រចាំ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ជូនពុទ្ធបរិស័ទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោក ហាក់ ម៉ុងហួត បានណែនាំដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះចៅអធិការ អាចារ្យ និងគណៈកម្មការវត្តទូទាំងស្រុកតាំងគោក នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅវត្តថ្លា ស្ថិតក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ពិធីនេះដែរក៏មានការចូលរួមរៀបចំ និងដឹកនាំក្រោមអធិបតីភាពព្រះគ្រូសិលវិសុទ្ធិមេធា ម៉ន ចាន់ ព្រះចៅអធិការវត្តតេជោញាណ និងជាតំណាងព្រះអនុគណស្រុកតាំងគោក ព្រមទាំងមានការចូលរួមពីព្រះចៅអធិការ អាចារ្យ គណកម្មាធិការវត្ត មន្ត្រី អាជ្ញាធរ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលមានបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករអញ្ជើញមកធ្វើបុណ្យទាននៅតាមវត្តអារាម ដូចនេះការរៀបចំកម្លាំងប្រចាំការនៅតាមវត្តនីមួយៗ គឺជារឿងចាំបាច់បំផុត ដើម្បីមើលថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រួលចរាចរណ៍ និងចំណតយានយន្តជុំវិញបរិវេណវត្ត បង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ ឬគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះតំណាងព្រះអនុគណស្រុក និងលោកអភិបាលស្រុក ក៏បានអំពាវនាវដល់គណៈកម្មការវត្ត អាចារ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិនេះ ប្រព្រឹត្តទៅដោយរលូន គ្មានការរំខាន និងប្រកបដោយបរិយាកាសរីករាយ និងជ្រះថ្លាបំផុត។
សូមបញ្ជាក់ដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
មូលហេតុនៃការប្រារព្ធពិធីនេះ គឺដើម្បីទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សារយៈពេល ៣ខែ និងដើម្បីឧទ្ទិសកុសលដល់ពពួកប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ដែលបានបាក់បែកចែកឋានទៅ។ ពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ហើយក្នុងឆ្នាំនេះពិធីបុណ្យភ្ជុំបិណ្ឌនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦៕



























