សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
21-09-2026 10:58
(បន្ទាយមានជ័យ)៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា កសិករចំនួន ៣៤៩គ្រួសារ មកពីសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ បានរួមគ្នាចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា លើផ្ទៃដីសរុប ១ ៥១៧ ហិកតា។
អ្នកនាំពាក្យរូបនេះ បន្តថា កិច្ចសន្យានេះធ្វើឡើងដើម្បីផ្គត់ផ្គង់ស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង បូករួមទាំងការផ្តល់បុព្វលាភ (ប្រាក់លើកទឹកចិត្ត) បន្ថែមពី៣០ ទៅ ៦០រៀល ក្នុងមួយគីឡូក្រាម។
លោក បានគូសបញ្ជាក់ថា តាមរយៈការសម្របសម្រួលតភ្ជាប់ទីផ្សារទុកជាមុនពីក្រសួងកសិកម្ម បងប្អូនកសិករជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
*តម្លៃសមរម្យ និងការពារពីហានិភ័យទីផ្សារ
*ធាតុចូល(ពូជ ជី ថ្នាំ) មានគុណភាពខ្ពស់ តម្លៃទាបជាងទីផ្សារ
*ទុនបង្វិល មានអត្រាការប្រាក់ទាប ពេញមួយរដូវកាលផលិតកម្ម។
គួរជម្រាបថា គោលនយោបាយសហគមន៍កសិកម្មទំនើប គឺធ្វើយ៉ាងណាបញ្ចៀសហានិភ័យទីផ្សារ ធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។ ក្រសួងកសិកម្ម បាននិងកំពុងអនុវត្តគោលនយោបាយនេះយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបមានប្រមាណ ៤០សហគមន៍នៅទូទាំងប្រទេស ដែលនឹងបន្តរីកខ្លួនបន្ថែមទៀតលើដំណាំសក្ដានុពលនានា៕
















