ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ នៅក្រុងច្បារមន ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី
21-09-2026 10:09
(កំពង់ស្ពឺ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីរៀបចំពិធីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន ដែលជាការគ្រោងទុកត្រឹមតែមានប្រជាពលរដ្ឋចំនួន ៣ ៦០០នាក់ តែជាក់ស្តែងមានប្រជាពលរដ្ឋចូលរួមជាង ១០ ០០០នាក់ ដោយចំនួននេះលើសពីការរំពឹងទុក។
នាឱកាសនោះដែរបន្ទាប់មតិចំណាប់អារម្មណ៍របស់លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺតំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ រួច, លោក យក់ ប៊ុនណា បានជម្រាបជូនអង្គពិធី ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ ពិគ្រោះយោបល់សុខភាព និងព្យាបាលជំងឺនាពេលនេះ អំពីការយកចិត្តទុកដាក់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរអំពីសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ ដើម្បីបានដឹងច្បាស់ពីសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
លោករដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ការលើកកម្ពស់សុខភាពសាធារណៈ សុខភាពរបស់ប្រជាជន ជាការគិតគូរអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល មិនមែនត្រឹមតែអភិវឌ្ឍបច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនដល់មូលដ្ឋានផងដែរ។
តាមរបាយការណ៍ស្វាគមន៍របស់លោក ជិន កែវសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សរុបចំនួន ៨៣៧នាក់ បានចុះពិនិត្យសុខភាព ចែកជូនថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ និងផ្តល់សេវាដោយឥតគិតថ្លៃ។
ការពិគ្រោះព្យាបាលជំងឺនាថ្ងៃនេះ រួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក តម្រង់នោម ។ ជំងឺទាំងអស់នេះមានជំងឺមួយចំនួនត្រូវបានពិនិត្យដោយ៖ អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) និងមានវះកាត់តូចនិងព្យាបាលរបួស៕

























