ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ដឹកនាំប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល ទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ពាណិជ្ជកម្ម SMEs
21-09-2026 09:04
(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងសំខាន់ក្នុងការដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ចែករំលែកបទពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ជាមួយធុរជនក្នុងស្រុកនៃប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើគោលដៅសំខាន់ៗចំនួន ៣៖
ទី១. ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មមីយ៉ាន់ម៉ា និង FASMEC៖ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរយៈពេលវែង និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងស្ថាប័នតំណាងវិស័យឯកជននៃប្រទេសទាំងពីរ។
ទី២. ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង SME មីយ៉ាន់ម៉ា និង SME កម្ពុជា៖ ដើម្បីបើកផ្លូវ និងបង្កើតដៃគូសហការផ្ទាល់រវាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា-មីយ៉ាន់ម៉ា ក្នុងការផ្លាស់ប្តូរទំនិញ បច្ចេកវិទ្យា និងបទពិសោធន៍អាជីវកម្ម។
ទី៣. ការភ្ជាប់ទំនាក់ទំនងជាមួយអគ្គកុងស៊ុល និងស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា៖ ដើម្បីទទួលបានការសម្របសម្រួល ការគាំទ្រផ្នែកច្បាប់ និងកិច្ចសម្រួលពាណិជ្ជកម្មពីសំណាក់តំណាងការទូតកម្ពុជា សម្រាប់សហគ្រិនដែលបំពេញបេសកកម្ម និងវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា។
ក្នុងអំឡុងដំណើរទស្សនកិច្ច គណៈប្រតិភូ FASMEC គ្រោងនឹងអនុវត្តសកម្មភាពសំខាន់ៗ និងស្វែងរកលទ្ធផលរំពឹងទុកមួយចំនួន រួមមាន៖
ការបង្កើតបណ្តាញពាណិជ្ជកម្ម (B2B Matching)៖ រៀបចំជំនួបពិភាក្សាផ្ទាល់រវាងធុរជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញ-នាំចូល និងការវិនិយោគរួមគ្នា។
ការចុះទស្សនកិច្ចទីតាំងផលិតកម្ម៖ ចុះពិនិត្យដោយផ្ទាល់នៅតាមសហគ្រាសកែច្នៃកសិផល រោងចក្រ និងសិប្បកម្មក្នុងស្រុកនៅមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា និងបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម។
ការគាំទ្រផ្នែកការទូត និងច្បាប់៖ តាមរយៈការតភ្ជាប់ជាមួយស្ថានទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានព័ត៌មានទីផ្សារកាន់តែច្បាស់លាស់ ព្រមទាំងការសម្របសម្រួល និងការគាំទ្រផ្នែកច្បាប់ក្នុងការធ្វើអាជីវកម្មឆ្លងដែន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកទីផ្សារ ស្វែងរកដៃគូអាជីវកម្ម និងជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕













