មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជនខេត្តតាកែវ
20-09-2026 22:03
(តាកែវ)៖ ក្រុមការងារគ្រូពេទ្យជំនាញផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង របស់ក្រសួងសុខាភិបាល បានចុះយុទ្ធនាការពិនិត្យសុខភាពភ្នែក ចែកវ៉ែនតា និងធ្វើការវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
សកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រៃកប្បាស ដើម្បីជួយសម្រួលដល់ទុក្ខលំបាក និងថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុមា នាយិការង តំណាងលោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា នាឳកាសនេះក្រុមគ្រូពេទ្យផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង បានសហការជាមួយមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ដើម្បីរៀបចំកម្មវិធីពិនិត្យភ្នែក ចែកវ៉ែនតា ក៏ដូចជាវះកាត់ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសខេត្តកែវ ហើយកម្មវិធីនេះដំណើរការទៅបាន ដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិ Fred Hollows Foundation Cambodia និងមូលនិធិ Bloomberg (ប៊្លូមប៊ឺក) ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។
ស្របគ្នានោះដែរ លោក គង់ នាត ប្រធានកម្មវិធី និងជាតំណាងលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានបញ្ជាក់ថា សកម្មភាពនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែក ទទួលបានសេវាថែទាំនិងព្យាបាលមួយដែលត្រឹមត្រូវ ជាក់លាក់ និងមានគុណភាពខ្ពស់ ទាំងការទទួលបានវ៉ែនតា និងការទទួលការព្យាបាលដោយវះកាត់ ប្រកបដោយវិជ្ជាជីវៈខ្ពស់ពីក្រុមគ្រូពេទ្យឯកទេស។ លោកបានបន្ថែមថា ការងារទាំងអស់នេះ គឺមានគោលបំណងរួមរវាងអង្គការ Fred Hollows Foundation Cambodia ក៏ដូចជាឆ្លុះបញ្ចាំងពីគោលនយោបាយរបស់ក្រសួងសុខាភិបាល គោលការណ៍របស់មន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យថ្នាក់ស្រុកផងដែរ។
នៅក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស ដែលបានមកទទួលសេវាពិនិត្យភ្នែក បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាដោយក្តីរំភើប និងសប្បាយរីករាយជាខ្លាំង។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ចុះមកផ្តល់សេវាថែទាំសុខភាពភ្នែក ចែកវ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃដល់មូលដ្ឋាន។
ជាទីបញ្ចប់លោកវេជ្ជបណ្ឌិត ញា ស៊ីថាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ស្រុកប្រតិបត្តិសុខាភិបាលព្រៃកប្បាស មានវិសាលភាពគ្របដណ្តប់លើស្រុករដ្ឋបាលចំនួន ៣ និងគ្រប់គ្រងប្រជាពលរដ្ឋសរុបប្រមាណ ១៧ម៉ឺននាក់។ ក្នុងនោះ រួមមានមណ្ឌលសុខភាពចំនួន ២០កន្លែង និងមន្ទីរពេទ្យបង្អែកចំនួន ០២កន្លែង (កម្រិត១ និងកម្រិត២)។ ក្នុងនាមមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និង Fred Hollows Foundation Cambodia ។ យុទ្ធនាការមនុស្សធម៌នេះ ពិតជាបានជួយសម្រាលបន្ទុកចំណាយ ក្នុងគ្រួសារបានច្រើន និងផ្តល់ឱកាសឱ្យពួកគាត់ ជាពិសេសមនុស្សចាស់ជរាមានពន្លឺភ្នែកច្បាស់ឡើងវិញ ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ៕





























