កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
20-09-2026 19:36
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ កយ ប៊ុនថង ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង១៥៖៥០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបណ្ដឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៣នាក់ ១៖ ឈ្មោះ ខា ជីវ័ន្ត អាយុ១៥ឆ្នាំ, ២៖ ឈ្មោះ ស្រី វិបុត្រ អាយុ១៦ឆ្នាំ, ៣៖ ឈ្មោះ ឆន ឆេន អាយុ៤១ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១៖ ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ឡើងតែមឆ្នាំ២០១៥ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1D-8729 ចំនួន១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ២៖ កង់ ពណ៌ក្រហម លាយខ្មៅ ចំនួន១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង៣ ត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ យកទៅដោះអាវចេញ និងកាច់ផ្លាកលេខម៉ូតូចោលដើម្បីបំភ័ន្តភ្នែកម្ចាស់ម៉ូតូ។ ចំពោះជនសង្ស័យឈ្មោះ ស្រី វិបុត្រ ក៏បានសារភាពថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ រូបគេ និងបក្ខពួកមានគ្នា៤នាក់ទៀត បានធ្វើសកម្មភាពចាប់រំលោភទៅលើស្រ្ដីម្នាក់នៅសង្កាត់អូរអំបិលផងដែរ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕










