FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

20-09-2026 19:34

(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។

កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព មិត្តភាព និងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបំផុសចលនាស្រឡាញ់កីឡា និងថែរក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចូលរួមចំណែកបង្កើតព្រឹត្តិការណ៍វិជ្ជមានសម្រាប់សង្គមជាតិ។

ក្រៅពីការរត់ដើម្បីសុខភាព កម្មវិធីក៏បានបង្កើនបរិយាកាសរីករាយតាមរយៈសកម្មភាពកម្សាន្តផ្សេងៗ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទទួលបានទាំងស្នាមញញឹម ការចងចាំល្អៗ និងមិត្តភាពថ្មីៗ។ មិនតែប៉ុណ្ណោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្កើតកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយប្រជាពលរដ្ឋ រៀងរាល់ល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍ ដើម្បីជំរុញឱ្យពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ផងដែរ៕