ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញក្រុមការងារគណបក្សទាំងអស់ចុះមូលដ្ឋាន ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ
20-09-2026 19:23
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញដល់សមាជិក សមាជិកាគណបក្សទាំងអស់ចុះដល់មូលដ្ឋាន ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ។ លោកស្រី ឃួន ឃុនឌី ថ្លែងដូចនេះក្នុង កិច្ចប្រជុំពិភាក្សាការងារគណបក្សជាមួយសមាជិក សមាជិកាគណបក្សឃុំនីពេជ្រ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ទីស្នាក់ការគណបក្សឃុំ។
លោកស្រីសង្កត់ធ្ងន់ថា ការចុះដល់មូលដ្ឋានផ្ទាល់ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារគណបក្ស ក្នុងការសិក្សាស្វែងយល់បន្ថែមទៀត នូវបញ្ហាប្រឈមនានា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពិសេសបំផុតអ្នកដែលមានជីវភាពខ្វះខាតដែលមិនអាចមើលរំលងបានឡើយ ព្រមទាំងដោះស្រាយឲ្យបានទាន់ពេលវេលា។ ទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីទទួលខុសត្រូវ របស់ក្រុមការងារគណបក្ស ព្រមទាំងបង្ហាញនូវក្តីស្រឡាញ់ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណបក្សទៀតផង។
លោកស្រីបានបន្តទៀតថា ក្រុមការងារចុះមូលដ្ឋានឃុំក៏ដូចជាប្រធាន អនុប្រធាន សមាជិក សមាជិកគណបក្សទាំងអស់ ត្រូវយល់ និងឈរលើការមូលមតិគ្នាតែមួយដោយរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយផ្អែកលើការ ពិនិត្យពិភាក្សាឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាប្រកប ដោយមនសិការខ្ពស់។
លោកស្រី ឃួន ឃុនឌី បានបន្ថែមថា ភាពស្មោះត្រង់ជាកាតព្វកិច្ចចំបងក្នុងគណបក្សដើម្បីផ្តល់ទំនុកចិត្ត និងភាពជឿជាក់ផ្ទៃក្នុងបក្ស ពិសេសសមាជិក សមាជិកាគណបក្សទាំងអស់ ព្រមទាំងពង្រឹងនូវបញ្ហាសតិអារម្មណ៍ស្មារតីកាន់តែល្អប្រសើរឡើង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមិនអាចគណបក្សនយោបាយណាមួយមកបំបែកបានឡើយ ពិសេសប្រជាជនចំណាកស្រុក ដែលត្រូវយកចិត្តទុកដាក់ថា តើពួកគាតមានឯកសារគ្រប់គ្រាន់ក្នុងការបោះឆ្នោតហើយឬនៅ។
លោកស្រីជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើ សកម្មភាពផ្សព្វផ្សាយពីសមិទ្ធិផលនានាជាប្រចាំដើម្បីក្រើនរំលឹក និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស ក្នុងការជួយជ្រោមជ្រែងកសាងឡើង និងដើម្បីបន្សាបនូវឥទ្ធិពលក្រុមបក្សប្រឆាំងដែលកន្លងមក បានឆ្លៀតឱកាសវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជារបស់យើង។
លោកស្រីជំរុញក្រុមការងារចុះមូលដ្ឋានភូមិឃុំ និងប្រធានគណ:កម្មាធិការបក្សឃុំសាខាភូមិ ខិតខំរួមគ្នាកសាងសមាជិកបក្សថ្មីបន្ថែមទៀត ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់ ខូច លើកទឹកចិត្តដល់ពួកគាត់អោយទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ព្រមទាំងខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ ឲ្យទាន់ពេលវេលា។
លោកស្រីបាន ជំរុញឱ្យក្រុមការងារគណបក្សទាំងអស់ត្រូវតែរឹងមាំ និងឯកភាពផ្ទៃក្នុងឲ្យបានល្អពី ព្រោះវាជាកម្លាំងចលករមួយយ៉ាងសំខាន់ឆ្ពោះទៅរកភាពជោគជ័យ៕




















