អភិបាលខេត្តកំពត ជំរុញអ្នកវិនិយោគផ្សារកំពង់ត្រាច រៀបចំតូប ផ្លូវបេតុង និងប្រព័ន្ធលូដោះទឹក ជូនអាជីវករដើម្បីប្រកបអាជីវកម្មបានល្អប្រសើរ
20-09-2026 19:16
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានទុកពេលឲ្យអ្នកវិនិយោគផ្សារកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល២ខែ ដើម្បីធ្វើការរៀបចំតូប ផ្លូវបេតុងក្នុង និងជុំវិញផ្សារ ដើម្បីសោភ័ណភាព ក៏ដូចជាឲ្យមានអនាម័យ ពិសេសរៀបចំប្រព័ន្ធលូដោះទឹកដើម្បីបញ្ជៀសការជន់លិច ពេលមានភ្លៀងធ្លាក់ ពិសេសក្នុងរដូវវស្សា។
លោកជំរុញបែបនេះ ខណៈបានដឹកនាំមន្ទីរជំនាញ អាជ្ញាធរស្រុក ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារកំពង់ត្រាចដោយផ្ទាល់ ដើម្បីទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកអភិបាលខេត្ត បានបន្តថា អាជីវករទាំងអស់ក្នុងផ្សារ គឺជាគ្រួសារតែមួយ ហើយគឺជាអ្នកដែលបានផ្តល់នូវការផ្គត់ផ្គង់ ម្ហូបចំណី បន្លែ សាច់ ដល់ភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដូច្នេះទីតាំងលក់ដូរក៏ត្រូវមានអនាម័យល្អ មានបរិស្ថានស្អាត មិនមានការជន់លិច ដែលធ្វើឲ្យបងប្អូនអាជីវករ និងពលរដ្ឋ មានការពិបាកក្នុងការទិញលក់។
ដោយសង្កេតឃើញថា ផ្សារកំពង់ត្រាចនេះ ពិតជាមានអនាម័យ បរិស្ថានមិនសូវស្អាត មានភក់ជ្រំ ផ្លូវបេតុងមានការខូចខាត ប្រព័ន្ធលូដោះទឹកចេញពីផ្សារមិនដំណើរការ គឺលោកអភិបាលខេត្ត បានដាក់ បទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចុះពិនិត្យផ្ទាល់នូវរាល់ការអនុវត្តរបស់អ្នកវិនិយោគផ្សារ ថាតើអនុត្តន៍បានត្រឹមត្រូវតាមសៀវភៅបន្ទុកឬអត់។
លោកអភិបាលខេត្ត បានណែនាំដល់អ្នកវិនិយោគផ្សារ ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងផ្សាភ្ជាប់សុខទុក្ខរបស់អាជីវករក្នុងផ្សារទាំងអស់ ដោយឆ្លើយតបតាមការសំណូមពររបស់ពួកគាត់។ ករណីមិនបានអនុវត្តន៍តាមសៀវភៅបន្ទុក និងដោះស្រាយសំណូមពររបស់អាជីវករនោះទេ គឺលោកនឹងរៀបចំឲ្យអាជីវករក្នុងផ្សារទាំងអស់ ធ្វើការបោះឆ្នោតជ្រើសរើសអ្នកវិនិយោគថ្មី ដើម្បីបន្តវិនិយោគ ក៏ដូចជាអភិវឌ្ឍន៍ផ្សារកំពង់ត្រាចនេះ ឲ្យមានភាពល្អប្រសើរ៕






