FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ជាអំណោយរបស់សម្ដេចតេជោ ក្រុងពាលីបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំងនៅក្នុងស្រុកសំរោង ខេត្តតាកែវ

20-09-2026 17:49

(តាកែវ)៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ។

ពិធីនេះបានរៀបចំឡើងនៅសាលាបឋមសិក្សាបត់រកា ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

អគារសិក្សាទាំង ៤ ទីតាំងនេះ រួមមាន សាលាបឋមសិក្សាបត់រកា, សាលាបឋមសិក្សាក្រាំងធ្នង់, សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក និងសាលាបឋមសិក្សា ឱម សុផាត់។

ក្នុងឱកាសដ៏សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ុត ខុន និងលោកស្រី ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

គួររំលឹកផងដែរថា អគារសិក្សាទាំង ៤ ទីតាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្សល់ទុកតាំងពីទសវត្សរ៍ឆ្នាំ៩០។

ការបើកការដ្ឋានជួសជុលនៅពេលនេះ គឺជាការបន្តយកចិត្តទុកដាក់លើការថែរក្សា និងធានានិរន្តរភាពនៃហេដ្ឋារចនាសម្ពន្ធអប់រំ ដើម្បីបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងអំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕