FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បំភ្លឺជុំវិញពលរដ្ឋរិះគន់ផ្លូវបេតុងមួយខ្សែ ដែលចាក់ដីពីលើ

20-09-2026 15:42

(កណ្ដាល)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានចេញលិខិតជូនដំណឹងដល់សាធារណៈជន ជុំវិញគម្រោងផ្លូវបេតុង១ខ្សែ ប្រវែង១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិស្រែអំពិល ឃុំឃ្លាំង ស្រុកពញាឮ ខេត្តកណ្តាល បានបញ្ចប់ការងារចាក់បេតុងរួចរាល់ជាស្ថាពរ១០០% ដោយឡែកនៅសេសសល់តែការងារជើងទេរដែលត្រូវចាក់ដី និងកៀរទៅចំហៀង ប៉ុន្តែដោយសារស្ថានភាពភ្លៀងធ្លាក់ជោគជាំពេក ធ្វើអោយការងារនេះ យឺតយ៉ាវ។ នេះបើតាមលិខិតជូនដំណឹងរបស់មន្ទីរដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងលិខិតដដែល មានខ្លឹមសារថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សូមការអធ្យាស្រ័យ និងយោគយល់ពីសំណាក់ សាធារណៈជនទាំងអស់ ចំពោះការកកស្ទះចរាចណ៍ និងរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយការងារនេះ ក្រុមការងារការដ្ឋានផ្លូវ នឹងដោះស្រាយបញ្ចប់រួចរាល់ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

លោក ថណ សុវណ្ណា បានថ្លែងប្រាប់ថា ផ្លូវបេតុងនេះ ជាការស្ថាបនារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលសាងសង់ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។

សូមជម្រាបថា ការចេញលិខិតនេះ បន្ទាប់ពីពលរដ្ឋបានថតបង្ហោះផ្សាយលើបណ្ដាសង្គមរិះគន់ទៅលើភាពមិនប្រក្រតីនេះកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ម្សិលមិញនេះ៕