FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក ដឹកនាំជំនាញចុះពិនិត្យមេីលស្រូវពលរដ្ឋជិត ១០០ហិកតា ដែលកំពុងប្រឈមនឹងការលិចលង់ដោយសារទឹកជំនន់

20-09-2026 14:52

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អមដំណើរដោយសហការី និងអាជ្ញាធរឃុំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងគំរាមកំហែង និងប៉ះពាល់ដល់ដំណាំស្រូវជិតប្រមូលផលរបស់ប្រជាពលរដ្ឋចំនួន ៩៣ហិចតា ស្ថិតក្នុងឃុំស្រឡៅ និងឃុំទ្រៀល។

យោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យដំណាំស្រូវជិតទុំរបស់ប្រជាពលរដ្ឋប្រឈមនឹងការខូចខាតលើផ្ទៃដីសរុប ៩៣ហិកតាក្នុងនោះរួមមាន៖ ឃុំស្រឡៅ ប៉ះពាល់ផ្ទៃដីស្រូវចំនួន ៤៣ហិកតា , ឃុំទ្រៀលប៉ះពាល់ផ្ទៃដីស្រូវចំនួន ៥០ហិកតា។

មន្ត្រីជំនាញបានវាយតម្លៃថា ប្រសិនបើស្ថានភាពទឹកនៅតែបន្តកើនឡើងដូចពេលនេះ​ ក្នុងរយៈពេលពី ៣ ទៅ ៧ ថ្ងៃខាងមុខទៀត ដំណាំស្រូវដែលកំពុងប្រឈមទាំង ៩៣ហិកតានេះ នឹងត្រូវខូចខាតមួយចំនួន, ប៉ុន្តែប្រសិនបើតំបន់នោះមានអាកាសធាតុអំណោយផល ហើយទឹកចាប់ផ្តើមស្រកចុះវិញក្នុងពេលឆាប់ៗនេះ កសិករអាចនឹងអាចច្រូតកាត់ប្រមូលផលបានមួយចំនួន ដើម្បីកាត់បន្ថយការខាតបង់។

ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ លោកអភិបាលស្រុកបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរឃុំ-ភូមិ និងមន្ត្រីជំនាញកសិកម្ម ត្រូវចុះតាមដាន និងត្រួតពិនិត្យកម្រិតទឹកជាប្រចាំ។ ជាមួយគ្នានេះដែរលោកបានដាក់ផែនការត្រៀមលក្ខណៈបម្រុង និងជម្រុញឱ្យមានការរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីស្វែងរកវិធានការអន្តរាគមន៍ សង្គ្រោះ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕