តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង លើកទឹកចិត្ដដល់សមាជិក សមាជិកា សាមគ្គី រួមកម្លាំងគ្នាបំពេញការងារ បម្រើប្រជាជននៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្ដៅ និងជំនឿទុកចិត្ដខ្ពស់
20-09-2026 14:01
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានបន្ដក្រើនរម្លឹក ក៏ដូចជាលើកទឹកចិត្ដដល់សមាជិក សមាជិកាបក្សទាំងអស់ សូមបន្ដរួមកម្លាំងគ្នាឱ្យបានរឹងមាំ ដើម្បីបំពេញការងារឱ្យបានល្អប្រសើរ ជាប្រយោជន៍ជូនដល់ប្រជាជននៅតាមមូលដ្ឋានយើងរៀងៗខ្លួន ប្រកបដោយភាពកក់ក្ដៅ និងជំនឿទុកចិត្ដខ្ពស់។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងកិច្ចប្រជុំជីវភាពប្រចាំខែកញ្ញា និងដាក់ទិសដៅបន្តខែតុលា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ភ្នំពេញថ្មី នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦។
នាឱកាសនោះលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត និងការកោតសរសើរ ជាមួយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក និងសមាជិកា ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋកន្លងមក។
លើសពីនោះលោកសាស្ដ្រាចារ្យក៏បានបន្ដស្នើដល់ក្រុមការងារទាំងអស់ បន្តសកម្មភាពរបស់ខ្លួនក្នុងការបំពេញភារកិច្ចដែលគណបក្សបានប្រគល់ជូន និងបន្តចុះទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់ឱ្យបាននូវសភាពការណ៍ បញ្ហាប្រឈម មតិយោបល់ សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសទប់ស្កាត់ករណីអនឡាញខុសច្បាប់ណាមួយកុំឱ្យមាននៅក្នុងភូមិឃុំរបស់ខ្លួន។
ជាងនេះទៅទៀតលោកបានក្រើនរំលឹកក្រុមការងារទាំងអស់ បន្ដរក្សានូវសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំនេះជារៀងរាងរហូត ដើម្បីសម្រេចបាននូវគោលដៅជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ និងបន្ដដំណើរប្រកបដោយភាពស្វាហាប់បម្រើប្រជាជនយើង៕































