អាជ្ញាធរខណ្ឌទួលគោក ចុះសម្របសម្រួលបញ្ចប់ជម្លោះម្ចាស់ហាងមួយកន្លែង ដែលហាមពលរដ្ឋឈប់ម៉ូតូ ឡានមុខហាងខ្លួន
20-09-2026 12:55
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចុះសម្របសម្រួលបញ្ចប់ជម្លោះហាងមួយកន្លែងយីហោ តាំងមួយលាង ទីក្រុងសោ ដែលហាមប្រជាពលរដ្ឋឈប់ម៉ូតូ ឡានតាមដងផ្លូវមុខផ្ទះរបស់ខ្លួន។
ក្រោយពីទទួលបានសាព័ត៌មានឡាយតាមរយៈ Facebook ម្ចាស់ទីតាំងបានយកចិញ្ចើមផ្លូវមុខផ្ទះមិនអនុញ្ញាតិឲ្យប្រជាពលរដ្ឋឈប់ម៉ូតូឬរថយន្ត។ កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងហាងលក់សម្ភារ (ឈ្មោះតាំងមួយលាង ទីក្រុងសោ) ដែលមានទីតាំងស្ថិតនៅក្រុម៣២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោមការសម្រុះសម្រួលពី លោកអភិបាលខណ្ឌរួចមក ភាគីដែលមានជម្លោះសងខាង ម្ចាស់ទីតាំងដែលមានជំលោះ បានឯកភាពគ្នាបញ្ចប់មិនរករឿងគ្នាទៀត និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចមិនត្រូវយកសម្ភារផ្សេងៗទៅដាក់លើផ្លូវថ្នល់ ដែលធ្វើប៉ះពាល់ដល់សណ្ដាប់ធ្នាប់ រំខានដល់អ្នកថ្មើរជើងទៀតឡើយ។
បន្ថែមពីនេះ ក៏បានធ្វើកិច្ចសន្យាបញ្ចប់រឿងទាំងសងខាងនៅចំពោះមុខ អាជ្ញាធរមានសមត្ថកិច្ចផងដែរ៕










