អភិបាលខេត្តកំពង់ចាម ពិនិត្យរៀបចំប្រព័ន្ធប្រើប្រាស់ទឹក ស្ថានីយបូមទឹកហ៊ុនសែនទី១៥ ដើម្បីឲ្យប្រជាកសិករ ស្រោចស្រពដំណាំ លើផ្ទៃដីប្រមាណជា២ម៉ឺនហិចតា
20-09-2026 12:31
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ មន្ត្រីទំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងរៀបចំស្ថានីយបូមទឹកហ៊ុនសែនទី១៥ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាកសិករ មានទឹកប្រើប្រាស់ស្រោចស្របដំណាំបានគ្រប់គ្រាន់។
ក្នុងឱកាសអញ្ជើញ ចុះពិនិត្យដល់មូលដ្ឋាននោះ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្រុមការងារបានពិនិត្យទៅលើ ការចងក្រងសហគមន៍ប្រើប្រាស់ទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្រ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងឃុំសំរោងទាំងមូល នៃស្រុកព្រៃឈរ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយការរៀបចំនេះដែរ ជំហានទី១ មានផ្ទៃដីប្រមាណជា៩០០ហិចតា និងជំហានទី២ អាចបន្តទៅដល់ស្រុកជើងព្រៃ ដូច្នេះវិសាលភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់ឲ្យប្រជាពលរដ្ឋបង្ករបង្កើនផល ក្នុងផែនការរួមប្រមាណជា២ម៉ឺនហិចតា។
លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ដើម្បីឈានទៅសម្រេចផែនការរួម យើងត្រូវតែរៀបចំប្រភពទឹកឱ្យបានរឹងមាំ ដែលមានវិសាលភាពធំទូលាយ អាចស្តុបទឹកបានច្រើន ដែលយកមកពីទន្លេមេគង្គ ទើបអាចបន្តបញ្ជូនទឹកទៅប្រើប្រាស់ស្រោចស្របលើផ្ទៃដីប្រមាណជាង២ម៉ឺនហិចតា នោះបាន។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះស្ថានីយ៍បូមទឹកហ៊ុនសែនទី១៥ នឹងត្រូវរៀបចំកែប្រែពីដំណើរការម៉ាស៊ីន ដោយចាក់ប្រេង ទៅជាការប្រើប្រាស់ម៉ាស៊ីន ដើរដោយថាមពលពន្លឺព្រះអាទិត្យវិញ ដើម្បីសន្សំសំចៃចំណាយ កាត់បន្ថយថ្លៃដើម។
ជាមួយនឹងការចុះពិនិត្យរៀបចំប្រព័ន្ធប្រើប្រាស់ទឹកនោះ លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញពិនិត្យផលដំណាំ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះផងដែរ៕


















