FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្តយុទ្ធនាការបង្ការជំងឺគ្រុនឈាម ចុះបាញ់ថ្នាំសម្លាប់មូសចំនួន៤០៥ខ្នងផ្ទះ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

20-09-2026 12:20

(ព្រះវិហារ)៖ អនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការជាមួយមណ្ឌលសុខភាពត្បែង និងអ្នកស្ម័គ្រចិត្តភូមិហ្មសែត ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមលំនៅឋានប្រជាពលរដ្ឋចំនួន ៤០៥ខ្នងផ្ទះ ស្ថិតនៅភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោកវេបណ្ឌិត គួង ឡូ បានថ្លែងថា៖ការចុះប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់មុសនៅតាមលំនៅដ្ឋានប្រជាពលរដ្ឋនេះ គឺជាផ្នែកមួយនៃការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមដែលបង្កដោយមូសខ្លា ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលុបបំបាត់ជម្រកមូសនៅតាមលំនៅឋាន និងបរិវេណជុំវិញផ្ទះ។

លោកវេជ្ជបណ្ឌិត​ បានណែនាំឱ្យក្រុមការងារបន្តពង្រឹងការងារបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន ពិសេសការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងជំរុញឱ្យមានការចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន។លោកបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មូសអាចជួយកាត់បន្ថយមូសពិតមែន ប៉ុន្តែការការពារប្រកបដោយប្រសិទ្ធភាព ត្រូវផ្តើមចេញពីគ្រួសារនីមួយៗ តាមរយៈការលុបបំបាត់កន្លែងដក់ទឹក ដែលជាប្រភពបង្កាត់ពូជមូសខ្លា។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួម សម្អាត និងកម្ចាត់វត្ថុដែលអាចដក់ទឹក គ្របធុងទឹកឱ្យជិត និងប្តូរទឹកក្នុងធុង ពាង ឫអាង ជាប្រចាំ ព្រមទាំងការពារខ្លួនពីមូសខ្លា ដោយប្រើមុង ឬវិធានការការពារផ្សេងៗ។ជាមួយគ្នានេះ ប្រសិនបើមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬឈឺសន្លាក់ ប្រជាពលរដ្ឋគួរប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ដើម្បីពិនិត្យ និងទទួលការព្យាបាលពីអ្នកជំនាញសុខាភិបាល៕