ខេត្តតាកែវ ជាប់ចំណាត់ថ្នាក់លេខ៤ទូទាំងប្រទេស ដែលមានអ្នកចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជិត៤ម៉ឺននាក់
20-09-2026 11:44
(តាកែវ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន សមាជិកសមាជិការក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធចុះមូលដ្ឋានខេត្តតាកែវ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តតាកែវដែលបានចុះឈ្មោះរួចមានចំនួនសរុប ៣៧,២៦៧នាក់ ជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស។
លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានឲ្យដឹងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនច្រើនបែបនេះដោយសារថ្នាក់ដឹកនាំខេត្តតាកែវ មានភាពប៉ុនប្រសព្វក្នុងការអូសទាញអ្នកវិនិយោគឲ្យចូលមកបណ្ដាក់ទុន បង្កើតរោងចក្រសហគ្រាសជាច្រើន បង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋនិងនាំឲ្យបងប្អូនប្រជាពលរដ្ឋបង្កើតមុខរបររកស៊ីជាច្រើននៅក្នុងខេត្ត។
លោកបានលើកឡើងផងដែរថា ការប្រកាសក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធចុះមូលដ្ឋានខេត្តតាកែវនៅពេលនេះ គឺជាការចូលរួមអនុវត្តតាមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកឧកញ៉ាបណ្ឌិត ក៏បានលើកឡើងពីអត្ថប្រយោជន៍ នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរួមមាន៖
១៖ ស្ម័គ្រចិត្ត និងឥតគិតថ្លៃ មិនមានការបង្ខំ និងមិនមានការចំណាយបន្ថែម។
២៖ មិនជាប់កាតព្វកិច្ចពន្ធ អ្នកមានចំណូលក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់ប្រកាសពន្ធ។
៣៖ ទទួលបានវិញ្ញាបនបត្រផ្លូវការ បញ្ជាក់អត្តសញ្ញាណអាជីវកម្ម និងទទួលស្គាល់ពីរដ្ឋ។
៤៖ បង្កើនសមត្ថភាព និងជំនាញអាចទទួលបានការបណ្ដុះបណ្ដាល Upskill & Reskill ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម។
៥៖ ឱកាសចូលប្រើសេវាហិរញ្ញវត្ថុ–អាចស្នើសុំឥណទាន បើកគណនីអាជីវកម្ម និងមានឱកាសទទួលបានមូលនិធិ។
៦៖ ការចូលជាសមាជិក ប.ស.ស អាចទទួលបានអត្ថប្រយោជន៍សុខភាព និងសន្តិសុខសង្គម។
ក្នុងឱកាសនោះ លោក ម៉ម កាយ អភិបាលរងខេត្តតាកែវ បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ជាពិសេសពីរាជរដ្ឋាភិបាលចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានធ្វើការជំរុញទៅដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធធ្វើយ៉ាងណាផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ ហើយចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះ ត្រូវលើកទឹកចិត្តពួកគាត់អោយមកចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ និងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែង៕
















