មន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអង្គការសម្អាតទន្លេ និងសមុទ្រ ប្រារព្ធទិវាសម្អាតពិភពលោកលើកទី៩ នៅក្រុងតាខ្មៅដើម្បីលើកកម្ពស់អនាម័យសាធាណៈ
20-09-2026 11:41
(កណ្ដាល)៖ លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអង្គការសម្អាតទន្លេ និងសមុទ ក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៩ (9th World Cleanup Day) នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
កម្មវិធីនេះ មានការចូលរួមគាំទ្រពីរដ្ឋបាលក្រុងតាខ្មៅ នៅសួនច្បារទន្លេបាសាក់ក្រុងតាខ្មៅ និងមានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃលោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបចំនួន ៤៨៦ អង្គ/នាក់ ស្រី១៨២នាក់។
លោក ពៅ សោម៉ាណាក់ បានឲ្យដឹងថា ការលើកកម្ពស់អនាម័យបរិស្ថានទីក្រុងជាកិច្ចការចម្បងមួយដែលចាំបាច់សម្រាប់អ្នករាល់គ្នាចូលរួមធ្វើវាឡើង មិនមែនសម្រប់តែមន្ត្រី អាជ្ញាធរឡើយ ដ្បិតថា ពលរដ្ឋយើងចាប់ផ្ដើមពីខ្លួនឯងមុនគេនូវការថែទាំបរិស្ថានយើង ដោយប្ដេជ្ញាមិនបោះសម្រាមចោចោលផ្ដេសផ្ដាស ទុកដាក់សម្រាមឲ្យមានរបៀបរៀបរយជាដើម និងជួយអប់រំកូនចៅអ្នកផ្ទះទាំងអស់គ្នា ឲ្យស្រលាញ់បរិស្ថានយើង ទើបសង្គមយើងអាចស្អាតទៅបាន ហើយបរិស្ថានក្រុងតាខ្មៅស្រស់ត្រកាលល្អ ខ្យល់អាកាសល្អបរិសុទ្ធ មានសុខភាពល្អទាំងអស់គ្នា ហើយថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តកាន់តែច្រើនផងដែរ ។
ជាមួយគ្នានេះ លោក ឡាយ សំរឹទ្ធ អភិបាលរងក្រុងតាខ្មៅ តំណាងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានលើកឡើងពីការលើកកម្ពស់ការយល់ដឹង និងចូលរួមថែរក្សាអនាម័យទីក្រុងតាខ្មៅផងដែរ ហើយអរគុណដល់មន្ទីរបរិស្ថាន និងអង្គការពាក់ព័ន្ធទាំងអស់ ដែលតែងតែសហការជាមួយរដ្ឋបាលក្រុងតាខ្មៅលើកិច្ចការបរិស្ថានេះ។
សូមជម្រាបថា ក្នុងពិធីនះ មន្ទីរបរិស្ថាន បានជំរុញឲ្យពលរដ្ឋ យល់ដឹងអំពីការយកចិត្តទុកដាក់ និងបន្តជំរុញការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទីក ដើម្បីឈានឆ្ពោះទៅកាន់ ស្អាតទឹក ស្អាតដី ស្អាតខ្យល់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏ដូចជាខេត្តកណ្តាលទាំងមូលផងដែរ។ កម្មវិធីសម្អាតសម្រាមនេះ ក្រុមការងារបានប្រមូលសំរាម សំណល់ប្លាស្ទីកសរុបចំនួន ១៨៩គីឡូក្រាម៕



































