FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំល្អៗ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលកាណាដា បារាំង និងបែលហ្ស៊ិក

20-09-2026 08:18

(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់រដ្ឋាភិបាលកាណាដា បារាំង និងបែលហ្ស៊ិក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជំនួបសំណេះសំណាលនេះបានរៀបចំឡើងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ ណែនាំសំខាន់ៗពីថ្នាក់ដឹកនាំ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតទាំងអស់យកទៅសិក្សាស្វែងយល់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងជំនាញបច្ចេកទេសទំនើបថ្មីៗ ដែលជានិន្នាការសកល ដើម្បីនាំយកមកវិញនូវចំណេះដឹង និងសមត្ថភាពពិតប្រាកដ ដើម្បីរួមចំណែកក្នុងបេសកកម្មបម្រើជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនរឹងមាំ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅក្រៅប្រទេស។

ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីអាហារូបករណ៍នាឆ្នាំ២០២៦នេះ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ក្នុងការជំរុញលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញបេសកកម្មជាទូតសុឆន្ទៈតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយផ្សព្វផ្សាយនូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ថ្លៃថ្លារបស់ជាតិ ព្រមទាំងរំលេចពីសមិទ្ធផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ។

បន្ថែមពីលើនេះលោក ឈួន វិន ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាន និងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ការប្រើប្រាស់សេវាក្រសួងតាមបែបឌីជីថល និងការតភា្ជប់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត។

សូមជម្រាបដែរថា ជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រដ្ឋាភិបាលកាណាដា បារាំង និងបែលហ្ស៊ិក ឆ្នាំ២០២៦ នេះ មានចំនួនសរុប ១៨រូប ស្រី ៣រូប ដែលនឹងបន្តការសិក្សាលើមុខជំនាញ វិស្វកម្មសំណង់ស៊ីវិល វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕