ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ដល់អាជ្ញាធរស្រុកទាំង៣
19-09-2026 22:42
(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកវរសេនីយ៍ឯក ទីន វ៉ាន់ស៊ី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះជួបអាជ្ញាធរស្រុកចំនួន៣ រួមមាន ស្រុកពញាឮ ស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំនានា ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបញ្ជាក់ថា ការរៀបចំពិធីនេះឡើង គឺអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ គោលបំណងគឺដើម្បីឲ្យអាជ្ញាធរស្រុក លោកមេឃុំ-មេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដែលជាអ្នកអនុវត្តផ្ទាល់ប្រចាំថ្ងៃ បានយល់កាន់តែច្បាស់អំពីខ្លឹមសារ និងគោលបំណងនៃអនុក្រឹត្យលេខ ០៣ នេះ។
លោកឧត្តមសេនីយ៍បានបន្តថា វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំនេះ មានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងវត្តមានក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនឲ្យមាននៅក្នុងភូមិសាស្ត្រភូមិ-ឃុំ-ស្រុករបស់យើងជាដាច់ខាត។
បន្ទាប់ពីទីតាំងឆបោកធំៗត្រូវបានលុបបំបាត់ ក្រុមឧក្រិដ្ឋជនបានសម្របខ្លួនផ្លាស់ប្តូរប្រតិបត្តិការទៅកាន់ទីតាំងតូចៗ និងរាយប៉ាយ ក្រោមរូបភាពបន្លំភ្នែកអាជ្ញាធរមូលដ្ឋាន ដូចជា ផ្ទះសំណាក់ សណ្ឋាគារ ខុនដូ បន្ទប់ជួល ឃ្លាំង ទីតាំងបាក់បែក ហាងកាហ្វេ និងក្នុងរថយន្តជាដើម ដែលធ្វើឲ្យការស្វែងរកមានការលំបាក។ ហេតុនេះ អាជ្ញាធរមូលដ្ឋានត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការកំណត់អត្តសញ្ញាណគោលដៅសង្ស័យ ការចុះធ្វើរដ្ឋបាលចំហរ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការរាយការណ៍នៅពេលបានដឹង ឬឃើញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមជម្រាបថា កន្លងទៅ អាជ្ញាធរខេត្តកណ្ដាលបានបង្ក្រាបបទល្មើសឆបោកលើប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានជាច្រើនករណី និងឃាត់ខ្លួនមនុស្សបានជាច្រើននាក់ផងដែរ។




























