FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ាន់ ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រជាពលរដ្ឋរងផលប៉ះពាល់នៅក្រុងប៉ោយប៉ែត

19-09-2026 22:36

(ក្រុងប៉ោយប៉ែត)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកជំនន់ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងដំណើរចុះពិនិត្យនោះ លោក ប៉ាន់ ខែមប៊ុនថន និងក្រុមការងារ បានពិនិត្យមើលផ្ទះប្រជាពលរដ្ឋ វត្តអារាម (វត្តស្ទឹងបទ) និងសាលារៀនមួយចំនួន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហូរមកពីប្រទេសថៃ។ ភ្លាមៗក្រោយការពិនិត្យ លោក ប៉ាន់ ខែម ប៊ុនថន បានបញ្ជាឲ្យនាំយកគ្រឿងចក្រមកកាយរំដោះទឹក ដើម្បីបង្ហូរចុះឲ្យបានលឿន ដែលជាលទ្ធផលទឹកបានស្រកចុះយ៉ាងឆាប់រហ័សនៅតាមតំបន់ដែលរងការលិចលង់។

ជាមួយគ្នានេះ លោកក៏បានចេញបទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រជាការពារ និងយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ ឲ្យត្រៀមខ្លួនជាស្រេចនូវកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋក្នុងករណីចាំបាច់ណាមួយ។

លោកប្រធានបានបញ្ជាក់ថា លោកនឹងនៅប្រចាំបញ្ជា ២៤/២៤ម៉ោង ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត និងបន្តចុះពិនិត្យនៅតំបន់ផ្សេងៗទៀតដែលនៅតែរងការជន់លិចដោយទឹកជំនន់ទឹកភ្លៀង និងជំនន់ពីប្រទេសថៃ ដើម្បីធានាបាននូវសុវត្ថិភាព និងការជួយសង្គ្រោះទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕