រដ្ឋមន្រ្តីសុខាភិបាល កោតសរសើរនិងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ព
19-09-2026 22:33
(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងកោតសរសើរអស់ពីដួងចិត្ដ ចំពោះស្មារតីវីរកងទ័ពយើង ពោរពេញដោយភាពក្លាហាន ឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិ លះបង់ពលីមិនញញើត ការពារជាតិមាតុភូមិ។ ការថ្លែងយ៉ាងដូច្នេះរបស់លោក ក្នុងឱកាសដឹកនាំអង្គភាពនៃក្រសួងសុខាភិបាល ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូន នាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ដល់វីវកងទ័ពយើងទាំងអស់ ជាពិសេសដែលកំពុងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។
លោកសាស្រ្តាចារ្យបានលើកឡើងថា «ក្នុងនាមក្រសួងសុខាភិបាល សូមសម្ដែងនូវការកោតសរសើរ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត របស់មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។ វីរភាពរបស់បងប្អូន គឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពរបស់យើងទាំងអស់គ្នា»។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការចុះនាពេលនេះ គឺជាស្មារតីរួបរួមសហការ សាមគ្គីភាពស្អិតរមួតក្នុងស្មារតី «សមរភូមិក្រោយជួយសមរភូមិមុខ»។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្ថែមថា នៅពីក្រោយបងប្អូនវីរកងទ័ពរបស់យើង មានរាជរដ្ឋាភិបាល មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែឈរនៅជាមួយបងប្អូន យកចិត្តទុកដាក់សុខទុក្ខ និងចងចាំចំពោះការលះបង់របស់យុទ្ធជនដែលបានបំពេញភារកិច្ចការពារជាតិ។ បន្ថែមពីនេះ ក្រុមគ្រូពេទ្យ ដែលជាសមរភូមិក្រោយ គឺជាខែលការពារសុខភាពដ៏រឹងមាំ នៅឈរប្រកៀកស្មាជាមួយរបស់បងប្អូនកងទ័ពជានិច្ច ដើម្បីគាំទ្រផ្នែកសុខភាព សម្ភារបរិក្ខារពេទ្យ ឱសថ និងសេវាសង្គ្រោះបន្ទាន់ ដែលតែងតែថែទាំសុខភាពបងប្អូនវីរកងទ័ពយើងនៅគ្រប់កាលៈទេសៈ។ មហាសាមគ្គីនេះ គឺជាកម្លាំងដ៏ធំធេងរបស់ជាតិយើង។ យើងប្ដេជ្ញារួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឱ្យកម្ពុជារឹងមាំ សុខសាន្ត និងមានអនាគតដ៏រុងរឿង សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
ឆ្លៀតក្នុងឱកាសនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់វីរកងទ័ពយើង សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខភាព និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃ មុនពេលបរិភោគអាហារ រក្សាទុកដាក់និងទទួលទានចំណីអាហារ មានសុត្ថិភាពល្អ បន្ទោរបង់ក្នុងបង្គន់អនាម័យ ជាពិសេសបរិភោគអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង។ ក្នុងករណីមានជំងឺ ឬបញ្ហាសុខភាពត្រូវប្រញាប់ទៅមូលដ្ឋានសុខាភិបាលដែលជិតបំផុត ដើម្បីទទួលការពិនិត្យព្យាបាលទាន់ពេលវេលា។
សូមជម្រាបជូនថា ដើម្បីរួមចំណែកគាំទ្រដល់សមរភូមិមុខ ក្រសួងសុខាភិបាល បាននាំយកអំណោយ រួមមាន ឱសថ សម្ភារៈបរិក្ខារពេទ្យ Kit សម្រាប់រុំរបួស គ្រឿងឧបភោគបរិភោគ និងថវិកាប្រើប្រាស់តាមការចាំបាច់ឆ្លើយតបនឹងតម្រូវការក្នុងជីវភាពរស់នៅរបស់កងទ័ពសមរភូមិមុខ៕


































